ភ្នំពេញ: មហាជនរាប់លាននាក់ នៅមិនភ្លេចពីរូបភាពដ៏ភ្ញាក់ផ្អើលតាមកញ្ចក់ទូរទស្សន៍បាយ័ន ចាក់ផ្សាយថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៦ ក្នុងកម្មវិធី The Style Cambodia ដែលបង្ហាញយ៉ាងច្បាស់ក្រឡែត លោក ប៉ែន ចំរ៉ុង ជូនកាដូរថយន្ដម៉ាក Bentley តម្លៃ ១០ ម៉ឺនដុល្លារឲ្យភរិយាមិនទាន់ចូលរោងការនាង ភិន សុដាលីស។
ប៉ុន្តែវេបសាយក្រោមឱវាទ លោក អ៊ិន សុភិន ឪពុកបង្កើតតារាសម្ដែង ភិន សុដាលីស ថ្មីៗនេះបានផ្សព្វផ្សាយវិញថា កាដូរថយន្ដ ប៉ែន ចំរ៉ុង ជូនកូនស្រីគឺជាឆាកល្ខោនតែប៉ុណ្ណោះ។
រូបភាពដ៏ភ្ញាក់ផ្អើលបង្ហាញលោក ប៉ែន ចំរ៉ុង ជូនកាដូរថយន្ដម៉ាក Bentley ឲ្យនាង ភិន សុដាលីស ភរិយាមិនទាន់ក្រាបផ្ទឹម បានរំលងខួបមួយខែហើយ ហើយមុននេះមួយសប្តាហ៍លោក អ៊ិន សុភិន ក៏ទើបតែបានចេញសារបង្ហាញពីការមិនស្ងប់អារម្មណ៍នឹងសម្ដីមើល ងាយ មើលថោកពីគ្រួសារកូនប្រសាក្រៅបញ្ជីលោក ប៉ែន ចំរ៉ុង ប៉ុន្តែបែរជាត្រូវកូនស្រីបង្កើតខ្លួននាង ភិន សុដាលីស បង្ហាញខ្នាយគំរាមតបតវិញបង្កឲ្យអាម៉ាស់នោះ។
មកត្រឹមថ្ងៃទី ១៧ ខែកុម្ភៈ មហាជនបែរជាស្រឡាំងកាំងទៅវិញព្រោះរូបភាពកាដូ ប៉ែន ចំរ៉ុង ជូន ដាលីស កាលពីមួយខែមុនត្រូវបានគេហទំព័រក្រុមហ៊ុនមហាហង្សដែលគេដឹងថាជា របស់លោក អ៊ិន សុភិន ចេញអត្ថបទបកស្បែកដោយប្រើចំណងជើងធំៗថា៖ «បែកធ្លាយ រឿង ប៉ែន ចំរ៉ុង ជូនរថយន្ដដល់ កញ្ញា ភិន សុដាលីស គ្រាន់តែជាការសម្តែងឆាកល្ខោនបោកប្រាស់ភ្នែកទទស្សនិកជនតែប៉ុណ្ណោះ?»។ គេហទំព័របស់លោក អ៊ិន សុភិន ក៏បានបញ្ជាក់ថា៖ «រូបភាពគ្រាន់តែជាឆាកល្ខោនសម្តែង ដើម្បីបំភាន់ភ្នែកមហាជនតែប៉ុណ្ណោះ ដើម្បីឲ្យទស្សនិកជនទទួលស្គាល់ថា លោកមានសមត្ថភាពទិញរថយន្ដជូនគូស្នេហ៍។ តែគេមិនដែលឃើញកញ្ញា ភិន សុដាលីស ធ្វើដំណើរទៅណាមកណាដោយប្រើប្រាស់រថយន្ដដែលលោក ប៉ែន ចំរ៉ុង បានទិញជូននាងនោះ ទេ»។
គេសង្កេតឃើញថា លោក ប៉ែន ចំរ៉ុង បើទោះជាត្រូវអនាគតឪពុកក្មេកប្រើសម្ដីខ្លាំងៗយ៉ាងណាក៏មិនបង្ហាញជំហរតបតវិញទេ។
ដូចគ្នានឹងព័ត៌មានវាយប្រហារចុងក្រោយដែលថាលោក អ៊ិន សុភិន ថាក្រុមគ្រួសារ ប៉ែន ចំរ៉ុង មើលងាយ មើលថោកគ្រួសារលោកនោះ តារាសម្ដែង និងពិធីករលោក ប៉ែន ចំរ៉ុង នៅតែរក្សាជំហរមិនបកស្រាយដដែល។លោក ប៉ែន ចំរ៉ុង បានត្រឹមតែបញ្ជាក់ខ្លីប្រាប់បន្ថែមពីលើពាក្យសុំទោសថា៖ «បងជុំវិញរឿងនេះ ខ្ញុំសូមមិនបកស្រាយ»។
ដោយឡែកក្នុងកម្មវិធី The Style Cambodia ថ្ងៃទី ១៦ ខែមករា កន្លងទៅ រំលេចភាពភ្ញាក់ផ្អើលពីកាដូរថយន្ដ Bentley ជូនភរិយាមិនទាន់ក្រាបផ្ទឹម លោក ប៉ែន ចំរ៉ុង រងការចំអកសម្ដីធ្ងន់ៗពីពិធីករពិធីការិនី ពិសេសពីលោក សុវណ្ណ គីរី ថា៖ «ជឿចំរ៉ុង ដែរអី ចំរ៉ុង ពូកែបោក ចំរ៉ុង ក្រចង់ងាប់ មានលុយណាទៅទិញ Bentley ថ្លៃ ១០ ម៉ឺនដុល្លា»។
ក្រោយពីបិទភ្នែកនាំនាង ភិន សុដាលីស ចូលរថយន្ដហើយនាងលាន់មាត់ថា៖ «មានលុយទិញឡាននេះ បងពូកែលាក់អូនមែន» ពេលនោះ ប៉ែន ចំរ៉ុង បញ្ជាក់ថា៖ «បងមិនលាក់អូនទេ ទម្រាំបានលុយទិញឡាននេះឲ្យអូន បងលក់គោចិញ្ចឹមនៅបាត់ដំបងអស់ហើយ»៕