ភ្នំពេញ៖ ដោយរងនូវការចំអកលើវិថីសិល្បៈថា សល់ពីភាពសិចស៊ីចំហទ្រូងជាមន្តស្នេហ៍ទាក់បុរសៗ ក៏បន្សល់នូវតំណក់ឈាមកូនមួយគ្រាប់គ្មានប៉ាហៅនោះ ពេលនេះតារាសម្ដែងនាង ឆយី មេម៉ាយកូនមួយ ទាំងមិនធ្លាប់រៀបការជាមួយបុរសណាម្នាក់ ក៏ចេញមកប្រកាសជាសាធារណៈលើគណនីហ្វេសប៊ុក របស់នាង លាស្នេហ៍បុរសមានតែភាពឈឺចាប់ សង្វាតស្នេហ៍ស្រីភេទដូចគ្នាវិញ។
ទន្ទឹមភាពស្ងប់ស្ងាត់ពីការងារសិល្បៈ ព្រោះជាប់ដៃនៅផ្ទះងូតទឹកបញ្ចុកបបរ ទឹកដោះគោកូនស្រីនោះ នៅដើមខែមីនានេះ ស្រីស្រស់ធ្មេញច្រពើស ចាយថែមពីសម្រស់ដើមទ្រូងសិចស៊ី អ្នកនាង ឆយី ក៏បានសរសេរសារបង្ហោះជាសាធារណៈ បង្ហាញពីការតាំងចិត្តបង្កើតចំណងស្នេហ៍ខុសពីច្បាប់ធម្មជាតិ (ស្រឡាញ់ស្រីភេទដូចគ្នា) ដែលបង្កការចាប់អារម្មណ៍ខ្លាំងដល់មហាជន ពិសេសបុរសៗ ដែលធ្លាប់មានបំណងចង់ធ្វើជាម្ចាស់គ្រងបេះដូងអ្នកមេម៉ាយកូនមួយរូបនេះឲ្យខកចិត្តផងដែរ។
បង្ហាញពីរូបថតកៀកកើយស្រីភេទដូចគ្នា នាងឆយី ក៏បូញមាត់បែបគួរឲ្យក្នាញ់ ខណៈស្ត្រីម្នាក់ទៀតក៏យកច្រមុះទៅលញ់ថ្នមៗលើផែនថ្ពាល់ដ៏ម៉ដ្ឋរលោងរបស់នាង ឆយី។
ក្នុងរូបភាពបង្កប់ស្នាមថើបរវាងស្រី និងស្រី លើហ្វេសប៊ុកនាង ឆយី តារាសម្តែងធ្លាប់ជាប់ងារសិចស៊ីដល់កំពូល នាងបានសរសេរយ៉ាងច្បាស់ថា៖ «ខូចចិត្តឡើងបែកស្លុយស្រឡាញ់ស្រីវិញ មានអារម្មណ៍ថា កក់ក្តៅ ស្រួលចិត្ត ស្រួលខ្លួន និយាយទៅស្រួលគ្រប់យ៉ាង អ៊ីចឹងហ្មង»។
អ្នកនាង ឆយី ក៏បានសរសេរបន្តទៀតថា នាងមិនស្រឡាញ់មនុស្សប្រុសទៀតនោះទេ ពោលគឺចាប់ពីពេលនេះទៅ នាងស្រឡាញ់តែមនុស្សស្រីភេទដូចគ្នា ទើបស្រួលចិត្តជាង។ មើលឃើញពីសារប្រកាសជាសាធារណៈដ៏គួរភ្ញាក់ផ្អើលពេញបណ្តាញសង្គម តារាស្រីមេម៉ាយកូនមួយ ទាំងមិនធ្លាប់ល្បីដឹកដៃបុរសគូស្នេហ៍ចូលរោងការក្រាបផ្ទឹម នាង ឆយី ប្រកាសស្មារលាស្នេហ៍បុរស បែរជាទៅបង្កើតសម្ព័ន្ធស្នេហ៍ជាមួយស្រីភេទដូចគ្នា ទាំងសាច់ឈាមនៅទ្រលុកទ្រលន់សម្រស់ស្រស់សិចស៊ីក្រមុំមិនដូរបុរសឃើញនៅតែក្នាញ់នោះ ក៏មានសំណួរជាច្រើនចំអកពីបុរសផងដែរថា តើវាជាការពិតមែនទេ? ធ្វើអ៊ីចឹងដូចជាស្តាយណាស់ហើយ? ចម្លើយនូវសំណួរនេះ ស្រីស្រស់កូនមួយ ចាយសម្រស់វ័យ ២៧ ឆ្នាំ នាង ឆយី ឆ្លើយថា៖ «ចា៎ វាជាការពិត អត់មានលេងសើចមកផុសអ៊ីចឹងទេ»។
អតីតតារាស្រីល្បីសិចស៊ី និងរមែងជួបតែភាពបរាជ័យមុខជំនួញកន្លងមក អ្នកនាង ឆយី បានលើកឡើងទៀតថា៖ «ស្រឡាញ់ប្រុសធ្វើឲ្យខូចចិត្តពេក ក៏ដូរស្រឡាញ់ស្រីវិញម្តងមើល វាខូចចិត្តទៀតអត់?»។
អ្នកនាង ឆយី ក៏អះអាងថា៖ «ការពិតខ្ញុំមានស្រីៗស្រឡាញ់ច្រើនណាស់ ទាស់តែពីមុនខ្ញុំអត់ចង់ខុសធម្មជាតិ តែឥឡូវខ្ជិលខ្វល់ សំខាន់ផ្លូវជីវិតបានសប្បាយ»។អ្នកនាងលើកឡើងថា៖ «គ្រប់យ៉ាងមកពីមនុស្សប្រុសដែលធ្វើឲ្យពួកខ្ញុំក្លាយជាបែបហ្នឹង»៕