សាធារណជនមានការចាប់អារម្មណ៍នឹងរូបភាពរៀបអាពាហ៍ពិពាហ៍របស់បុរសមាន មាឌតូចល្អិតម្នាក់នេះ ដែលទទួលបានភរិយាខ្ពស់ស្រឡះស្រស់សោភា ប៉ុ ន្តែប្រហែលជាអស់លោកអ្នកមិនដឹងទេថា បុរសមាឌល្អិត ម្នាក់នេះជាតារាភាពយន្តខ្មែរដែលធ្លាប់បានប្រឡូកក្នុងខ្សែភាពយន្ដ ហូលីវូដនោះ ។
កាលពីពេលថ្មីៗនេះលោក ស៊ុំ កង អាយុ ២៨ បានឱ្យដឹងថា រូបលោកបានប្រឡូកក្នុងវិស័យភាពយន្តបានប្រមាណជា ៥ -៦ រឿងមកហើយ ហើយក្នុងនោះលោកក៏បានចូលរួមសម្ដែងក្នុងខ្សែភាពយន្តលំដាប់ហូលីវូដ មួយរឿងផងដែរ គឺរឿង «ប្រវត្តិមនុស្ស» ដែលតម្រូវឱ្យមានមនុស្សមានមាឌតូចល្អិតជាច្រើនចូលរួមសម្ដែង ក្នុងនោះក៏មានសិល្បករខ្មែរដែលមានមាឌតូចជាច្រើនចូលរួមសម្ដែងផង ដេរ ។
ទោះបីជាធម្មជាតិប្រទានឱ្យលោកមានមាឌតូចល្អិតដែលមិនជាទីប្រាថ្នា របស់មនុស្សគ្រប់គ្នាដ៏ដោយ ក៏លោក ស៊ុំ កង មិនចុះចាញ់នឹងខ្សែជីវិតនេះឡើង គឺលោកខិតខំពុះពាររហូតរៀនចប់ថ្នាក់បរិញ្ញាបត្រ ហើយបានប្រឡងជាប់ចូលធ្វើជាបុគ្គលិកក្នុងក្រសួងពន្ធដារទៀតផង ។
មិនត្រឹមតែជាតារាភាពយន្ដដែលមានសមត្ថភាពប្រឡូកក្នុងខ្សែភាពយន្ដ បរទេសប៉ុណ្ណោះទេ ស៊ុំ កង ក៏ជាម្ចាស់ជ័យលាភីលេខ ១ កាលពីឆ្នាំ ២០១៤ ខាងផ្នែកល្បុក្កតោគុនដំបងវែងផងដែរ ។ ងាកមកជីវិតគូដែលធ្វើឱ្យកក្រើកបណ្ដាញសង្គមតាមរយៈរូបសម្បិត្ត ភរិយាដ៏ស្រស់សោភានេះវិញ ត្រូវបានលោកទម្លាយឱ្យដឹងថា លោកបានស្គាល់គ្នារយៈពេលប្រហែលជាមួយឆ្នាំជាមួយភរិយារបស់លោក ហើយដោយសារតែនិស្ស័យ ក៏សម្រេចឱ្យលោក និង ភរិយាដឹកដៃគ្នាចូលរោងការតែម្ដង ។
ឱ្យបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនេះ ម្ចាស់ជ័យលាភីលេខ ១ ខាងគុនដំបងរូបនេះ បានរៀបការហើយនៅឯទឹកដីខេត្តតាកែវ ជាមួយភរិយាខ្ពស់ស្រឡះស្រស់ផូរផង់របស់លោក ដែលធ្វើឱ្យគ្រប់គ្នាលាន់សរសើរពីស្នេហាដ៏បរិសុទ្ធរបស់អ្នកទាំងពីរ ហើយទទួលបានការអបអរសាទរយ៉ាងផុសផុលផងដែរ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ទៀតផង៕
អត្ថបទ៖ ដោយសីហា