ភ្នំពេញ ៖ តារាចម្រៀង លោក ម៉ៅ ហាជី ទើបតែស្ងប់ព័ត៌មានអាស្រូវបន្ទាប់ពីផលិតកម្ម ហង្សមាស ដោះលែងឱ្យមកចូលផលិតកម្ម ថោន បានរយៈពេលប្រមាណជាជិតពីរខែនេះទេ ហើយស្រាប់តែនៅពេលនេះ មានប្រភពព័ត៌មានពីអ្នកសិល្បៈធ្លាប់ជួយយកអាសាពេល ម៉ៅ ហាជី ប្រលង និងក្រោយប្រលងកម្មវិធី Cambodia idol ម្នាក់បានបង្ហើបថា តារាចម្រៀងលោក ម៉ៅ ហាជី បានលែងលះប្រពន្ធឈ្មោះ ស្រីមុំ ដែលធ្លាប់តស៊ូជាអ្នកចម្រៀងអកកេះជាមួយគ្នា ដោយមិនស្ដាយស្រណោះអនុស្សាវរីយជួរចត់ និងអាណិតកូនប្រុសម្នាក់មានវ័យប្រមាណ៥ឆ្នាំនោះទេ។
ប្រភពដដែលបន្តថា លោក ម៉ៅ ហាជី បានលែងប្រពន្ធឈ្មោះ ស្រីមុំ ដែលជាអ្នកចម្រៀងតាមខេត្តមានរូបសម្រស់មិនសូវស្អាតម្នាក់នេះ មានរយៈពេលជាងមួយខែមកហើយ ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតតារាចម្រៀងរូបនេះលែងប្រពន្ធ ដោយមូលហេតុអ្វីនោះ គេមិនហ៊ានបញ្ជាក់ច្បាស់ទេ ដោយគ្រាន់តែឮអ្នកស្រុកនិយាយថា នៅពេលលោក ម៉ៅ ហាជី ល្បីទៅមាននារីថ្មីមានរូបសម្រស់ និងទ្រព្យសម្បត្តិស្តុក ជួយជ្រោមជ្រែង ដូច្នេះហើយទើបគេជិនណាយប្រពន្ធដើម។
ទាក់ទងព័ត៌មាន ម៉ៅ ហាជី លែងប្រពន្ធក្រោយពីល្បីឈ្មោះក៏បានទាក់ទងទៅលោកតាមទូរស័ព្ទសុំការបញ្ជាក់ផងដែរ ប៉ុន្តែទូរស័ព្ទតារារូបនេះមិនទាន់ទាក់បាន ហើយនៅពេលនេះ គេហទំព័រយើងខ្ញុំក៏កំពុងរង់ចាំការឆ្លើយពីលោកមកវិញផងដែរ ដើម្បីបញ្ជាក់លើកព័ត៌មាននេះឱ្យបានច្បាស់ ជៀសវាងការបំប៉ោងព័ត៌មានបន្ថែម៕