​បែកធ្លាយ​រឿងការ​លែងលះ​ ប៉ែន ចំ​រ៉ុង និង ភិន សុ​ដា​លី​ស

01-May-2016 | ដោយ មែន កំសត់




​ភ្នំពេញ​៖ នៅ​ទីបំផុត​គូស្នេហ៍​ដែល​បានប្រកាសថា​នឹង​តស៊ូ​ស្រឡាញ់គ្នា​ដោយ​មិន​ខ្វល់​ពី​បោះបង់​របស់​គ្រួសារ​ខាង​ស្រី គឺ​លោក ប៉ែន ចំ​រ៉ុង​និង​កញ្ញា ភិន សុ​ដា​លី​ស នោះ បាន​ឈានដល់​ផ្លូវបំបែក​ហើយ ខណៈ​ពាក្យ​ប្តឹង​សុំ​លែងលះ​របស់លោក ប៉ែន ចំ​រ៉ុង ធ្លាក់​ដល់ដៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សុក្រ​ទី ២៩ មេសា​។ នេះ​ជា​ដំណឹង​ដ៏​រសើប​បើកឆាក​សម្រាប់​ខែឧសភា​តែម្ដង ខណៈដែល​ភិន សុ​ដា​លី​ស ក៏​ត្រូវគេ​ដឹងថា​ទើបនឹង​បាន​ពរ​ពោះ​ក្នុង​ផ្ទៃ​ជាង​៣​ខែ​។​

​ប្រភពពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អះអាងថា​ពិតជា​មាន​បណ្ដឹង​ឈ្មោះ​ប៉ែន ចំ​រ៉ុង ជា​តារា​សម្ដែង​ដាក់​ពាក្យសុំ​លែង​ភរិយា​ឈ្មោះ ភិន សុ​ដា​លី​ស ពិតប្រាកដ​មែន ដោយ​ក្នុង​បណ្ដឹង​នោះ​គឺ​លោក​បញ្ជាក់ថា​មិនអាច​រស់នៅ​ចុះសម្រុង​គ្នា​បន្តទៅទៀត​។  ប្រភព​ដដែល​បន្តថា​តុលាការ​នឹង​ចេញ​ចំណាត់ការ​កោះហៅ​ភាគី​ទាំងពីរ​មក​ធ្វើការ​សម្រុះសម្រួល​លើក​ទី​១​ក្នុងពេល​ឆាប់ៗ ផ្អែក​តាម​ពាក្យបណ្ដឹង​នេះ​។ យ៉ាងណាក៏ដោយ លោក សួស វិឡា​វ៉ាន់ឌី អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ទទួលស្គាល់ថា​ខាង​រដ្ឋបាល​សាលាដំបូង​គ្រាន់តែ​បានទទួល​ពាក្យបណ្ដឹង​របស់លោក​ប៉ែន ចំ​រ៉ុង ពិតមែន​ប៉ុណ្ណោះ ប៉ុន្តែ​លោក​មិនទាន់បាន​ត្រួតពិនិត្យ​ខ្លឹមសារ​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​បណ្ដឹង​នេះ​នៅឡើយ​ទេ ដោយ​រង់ចាំ​ថ្ងៃ​រដ្ឋបាល​ធ្វើការ​ទើប​អាច​បញ្ជាក់បាន​។
 

លោក ប៉ែន ចំ​រ៉ុង បាន​បដិសេធ​មិន​បកស្រាយ បន្ទាប់ពី​មានការ​ទម្លាយ​កាន់តែច្បាស់​ពី​បណ្ដឹងសុំ​លែង​ភិន សុ​ដា​លី​ស របស់លោក​ត្រូវបាន​ទម្លាយ​ចេញ ខណៈ​លោក ប៉ែន រស់ ជា​បងប្រុស និង​ជា​អ្នក​ចេញមុខ​ជំនួស​កន្លងមក វី​អូ​ឌី​ក៏​ទាក់ទង​មិនបាន​។ ប៉ុន្តែ​លោក ប៉ែន ចំ​រ៉ុង មិនបាន​ច្រានចោល​ថា​ខ្លួន​មិនមាន​បណ្ដឹង​បែប​នោះ​ដូច​អ្វីដែល​បានលើកឡើង​នោះឡើយ​។ លោក ប៉ែន ចំ​រ៉ុង និយាយថា​៖ “​ខ្ញុំ​កំពុង​រវល់​! សម្រាប់​រឿង​ហ្នឹង​ខ្ញុំ​អត់​ចង់​បកស្រាយ សុំទោស​!”​។ មិន​ខុសគ្នា​ដែរ​កញ្ញា ភិន សុ​ដា​លី​ស ដែល​ត្រូវគេ​ដឹងថា​កំពុង​ពពោះ​កូន​ដំបូង​ប្រមាណ​ជាង​៣​ខែ មិនអាច​សុំ​ការបំភ្លឺ​ដូចគ្នា​ដោយសារតែ​ទូរស័ព្ទ​របស់​នាង​ខ​ល​ចូល​តែ​មិន​លើក​។​
​តារា​មួយរូប​ដែល​ស្និទ្ធ​បំផុត​នឹង​ភាគី​ខាង​ប្រុស​បាន​អះអាង​ដោយ​មិន​បញ្ចេញ​ឈ្មោះថា​លោក ប៉ែន ចំ​រ៉ុង ពិតជា​បានសម្រេច​ចិត្ត​ដាក់​បណ្ដឹងសុំ​លែង​នាង​ភិន សុ​ដា​លី​ស ប្រាកដ​មែន បន្ទាប់ពី​អ្នក​ទាំងពីរ​បាន​ផ្ទុះ​ជម្លោះ​ដាក់គ្នា​ជារឿយៗ​និង​កាន់តែខ្លាំង​នៅ​អំឡុង​ដើមខែ​មីនា​។ លោ​កថា​មិនដឹង​ច្បាស់​ថា​អ្វី​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​គូស្នេហ៍​មួយគូ​នេះ​ឈានដល់​ចំណុច​លែងលះ​នោះទេ ដោយ​គ្រាន់តែ​បាន​ឮថា​សុ​ដា​លី​សមាន​សភាព​កាច​ខ្លាំង ដែល​មិនអាច​ឲ្យ​លោក​ប៉ែន ចំ​រ៉ុង តស៊ូ​រួមរស់​បាន​។ លោក​និយាយថា​៖ “​អា​រឿង​ចំ​រ៉ុង​ប្ដឹង​លែង​ហ្នឹង​ខ្ញុំ​ទើបតែ​ដឹង​ដែរ​ទេ ប៉ុន្តែ​បើ​រឿង​ឈ្លោះ​គ្នា​គឺ​ដឹង​យូរហើយ​ប្រហែល​២–៣​ខែ​អី​ហើយ​! និយាយ​រួម​ទៅ​អត់​ដឹងថា​ខាង​ណា​ខុស​ក៏​ខុស​ដែរ ប៉ុន្តែ​អ្វីដែល​ដឹង​ពី​ចំ​រ៉ុង គឺ​ដា​លី​ស​សម្ដី​ខ្លាំង ទើប​ចំ​រ៉ុង​ធ្វើ​អញ្ចឹង​!”​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក អ៊ិន សុ​ភិន ឪពុក​របស់​ភិន សុ​ដា​លី​ស បាន​អះអាងថា​កូនស្រី​របស់លោក​គឺជា​នារី​មិន​ណ​យ​តាំងពី​នៅ​រស់នៅ​ជាមួយ​លោក​នោះ​ម្ល៉េះ​។ លោក​និយាយថា​៖ “​មុនពេល​អាចំ​រ៉ុង​វា​មក​ពាក់ព័ន្ធ​ខ្ញុំ​ប្រាប់​ហើយ​តើ​ថា​ដា​លី​ស​មិន​ណ​យ​ទេ ប៉ុន្តែ​រឿង​ហ្នឹង​បើ​វា​ធ្វើជា​ប្ដី​ល្អ កូន​ខ្ញុំ​វា​មិនដែល​ទៅ​ជ្រះ​ឆ្អេះ​ឲ្យ​ទេ ប៉ុន្តែ​ខ្ញុំ​ឮថា​រាល់ថ្ងៃ​កូន​ខ្ញុំ​ប្រឹង​ថត ប្រឹង​លក់​ស្អីៗ​(​កញ្ចក់ភ្នែក​)​តាម​អន​ឡាញ យកលុយ​មក​ចិញ្ចឹម​ខ្លួន​និង​មក​បង់ថ្លៃ​ផ្ទះជួល​តែម្នាក់ឯង​ហ្នឹង​”​។ លោ​កថា​ក្រោយ​ចុះ​អេ​តា​ស៊ីវិល​ធ្វើជា​ប្ដី​ប្រពន្ធ​ស្របច្បាប់ ភិន សុ​ដា​លី​ស និង​ប៉ែន ចំ​រ៉ុង បាន​ជួល​ផ្ទះមួយ​រស់នៅ ដោយមាន​អ្នកធ្វើការ​ផ្ទះ​ម្នាក់​រស់នៅ​ជាមួយ ប៉ុន្តែ​លោក​មិនបាន​ដឹងថា​ផ្ទះជួល​នោះ​ស្ថិត​នៅឯណា ដោយ​ភរិយា​និង​ម្ដាយ​របស់លោក​ទើប​ជា​អ្នក​ចេញចូល​។ លោក​មានប្រសាសន៍ថា​៖ “​រឿង​ពីរ​នាក់​ហ្នឹង​ម្ដាយ​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ​ពួកគាត់​បានដឹង​យូរហើយ​តែ​អត់​ប្រាប់​ខ្ញុំ និយាយ​រួម​ទៅ​ទើបតែ​ខ្ញុំ​ដឹងថា​ចំ​រ៉ុង​ដាក់ពាក្យ​សុំ​លែង​ដា​លី​ស​ហ្នឹង​ទេ ដែល​ពួកគាត់​ប្រាប់ថា​គឺ​អញ្ចឹង​មែន ហើយ​បើតាម​ដឹង​ពីរ​នាក់​ហ្នឹង​ចែកផ្លូវ​គ្នា​តាំង​ពីមុន​ចូលឆ្នាំ​ម្ល៉េះ ដោយសារតែ​ដា​លី​ស​គាត់​ខឹង​ហើយ​គាត់​ដេញ​ចំ​រ៉ុង​ចេញពីផ្ទះ​(​ផ្ទះជួល​) ប៉ុន្តែ​ចំ​រ៉ុង​គាត់​គួរតែ​ដឹង​ហើយ​ថា​ខ្លួនឯង​ជា​ប្ដី​ធ្វើ​អី​ខ្លះ បាន​ដល់​ថ្នាក់​មនុស្ស​ស្រី​ម្នាក់​ដែល​ហ៊ាន​បោះបង់​ឪពុកម្ដាយរ​ត់ទៅ​នៅ​ជាមួយ​ដេញចេញ​!”​។​

​ឪពុក​របស់​ភិន សុ​ដា​លី​ស គឺ​លោក អ៊ិន សុ​ភិន លោ​កថា​ត្រៀមខ្លួន​ទទួល​ភិន សុ​ដា​លី​ស ដៃ​ដប់ ប៉ុន្តែ​សម្រាប់​រឿង​បណ្ដឹង​របស់លោក ប៉ែន ចំ​រ៉ុង លោក​សុំ​មិន​លូកដៃ​ដើម្បី​ឲ្យ​ឆាប់​បានបញ្ចប់​នោះទេ ដោយ​លោក​បញ្ជាក់ថា​នឹង​ទុក​សិទ្ធិ​ឲ្យ​នាង​សម្រុះសម្រួល​ឬ​លែងលះ​តាម​ការសម្រេចចិត្ត​។ លោក​បន្តថា​៖ “​ឥឡូវ​ហ្នឹង​កូន​ខ្ញុំ​វា​អត់​ព្រម​លើក​ទូរស័ព្ទ​ខ្ញុំ​សោះ​! ទោះ​ខ្ញុំ​ឲ្យ​ម្ដាយ​ខ្ញុំ ឲ្យ​ប្រពន្ធ​ខ្ញុំ​ទៅ​លួងលោម​ឲ្យ​ត្រឡប់មកផ្ទះ​វិញ​ក៏​មិន​ព្រម ខ្ញុំ​ដឹងថា​វា​ខ្មាស ប៉ុន្តែ​ខ្ញុំ​បាន​ផ្ញើ​សារ​ទៅ​ដា​លី​ស​ថា​ប៉ា​អត់​ខឹង​កូន​ទេ  ប៉ា​បើកទ្វារ​ចាំ​ទទួល​កូន​។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​គាត់​ថា​រឿង​កូន​ឯង​លែង​គ្នា​ជាមួយ​ចំ​រ៉ុង​ប៉ា​សុំ​អត់​លូកដៃ​ទេ ចាំ​ទាល់តែ​កូន​ឯង​ដាច់ស្រេច​ពេលណា​បាន​ប៉ា​ចេញមុខ​តែម្ដង​!”​។​
​ប្រភព​ដែល​បាន​ទម្លាយ​ចេញ​បាន​អះអាងថា​លោក​ប៉ែន ចំ​រ៉ុង មាន​អ្នក​ទី​បី​ជ្រៀតជ្រែក ស្របគ្នា​ដែល ភិន សុ​ដា​លី​ស ក៏បាន​ប្រើ​ពាក្យសម្ដី​ធ្វើ​ឲ្យ​លោក​ប៉ែន ចំ​រ៉ុង អត់ទ្រាំ​មិនបាន​នោះ​ផង ក៏​ឈានដល់​ការប្ដឹង​លែងលះ​៕
​ប្រភព​៖VOD

ចំនួនអ្នកទស្សនា

    19580777

  • ថ្ងៃនេះ1101
  • ម្សិលមិញ5241
  • សប្តាហ៍នេះ23951
  • ខែនេះ17071
  • ឆ្នាំនេះ353331
  • សរុប19580777