ម្ចាស់​បទ «​រាំ​ញី​កែងជើង​»នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពីស​ម្ដេច​តេ​ជោ​

05-May-2016 | ដោយ មែន កំសត់



​រាជធានី​ភ្នំពេញ ៖ ថ្មីៗ​នេះ​ប្រភព​មួយ​បាន​ទម្លាយ​ឱ្យដឹងថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​នាង ពេជ្រ សោភា និង​លោក​ដេវីត បានទទួល​ប្រាក់ឧបត្ថម្ភ​លោក​ទឹកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​តារាចម្រៀង​ទាំងពីរ​ខាងលើនេះ បាន​តាក់តែង​និពន្ធ​បទ​ចម្រៀង មិន​ចម្លង​ពី​បរទេស ជាពិសេស​បទ «​រាំ​ញី​កែងជើង​» ដែលមាន​ភាពល្បីល្បាញ​ខ្លាំង ។​

page ដែលមាន​ឈ្មោះថា សិល្បករ​កម្ពុជា បាន​ទម្លាយ​ព័ត៌មាន​ខាងលើនេះ តាម​បណ្តាញ​សង្គម​ជុំវិញ​ព័ត៌មាន​ដ៏​ល្អ​នេះ ក្នុងនោះ​ម្ចាស់ Page ក៏បាន​ចូលរួម​សម្តែង​ការអបអរសាទរ​ដល់​តារាចម្រៀង​ទាំងពីរ​ខាងលើនេះ និង​បាន​ថ្លែង​អណរ​គុណ​ដល់​ប្រមុខ​ដឹកនាំ​ដែល​តែងតែ​យកចិត្តទុកដាក់ និង​គាំទ្រ​លើកទឹកចិត្ត​ដល់​អ្នកសិល្បៈ ។​

​បើតាម Page សិល្បករ​កម្ពុជា​បានឱ្យដឹងថា ពេជ្រ សោភា និង​លោក​ដេវីត ទទួលបាន​ប្រាក់​ចំនួន​៤០.០០០$ (​បួន​ម៉ឺន​ដុល្លារ​) ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​តារា​ទាំងពីរ​រូបនេះ ក្នុង​ការដែល​ខិតខំ​ប្រឹងប្រែង​តែង​និពន្ធ និង​ច្រៀង​បទ​ថ្មី​មិន​ចម្លង​ពី​បរទេស ហើយ​បទ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​រាំ​សប្បាយរីករាយ ពេល​ចូលឆ្នាំ​ខ្មែរ រហូតដល់​ឆក់​បេះដូង​សម្តេច​តេ​ជោ ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​កំពូលៗ​ក្នុងប្រទេស រាំ​កម្សាន្ត​សប្បាយ​ផងដែរ​នោះ គឺ​បទ​រាំ​ញី​កែងជើង ដែល​បទ​នេះ គឺជា​បទ​មួយ​ដែល​ល្បី និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​បំផុត ។​

​ដំណឹង​ល្បី​ថា ប្រាក់​ដែល​ពេជ្រ សោភា និង​ដេវីត ទទួលបាន គឺមាន​អ្នក​សិល្បករ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ មិនតែប៉ុណ្ណោះ ក៏មាន​ការបញ្ជាក់​យ៉ាងច្បាស់​ពី​ម​ន្ត្រី្ត​ម្នា​ក់ថា អាភា​និង​ដេវីត ពិតជា​បានទទួល​ប្រាក់​លើកទឹកចិត្ត​ពី​ពូ (​សម្តេច​តេ​ជោ​) ពិតប្រាកដ​មែន ។​
​បន្ទាប់ពី​ព័ត៌មាន​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​រួចមក មាន​ប្រិយមិត្ត​ជាច្រើន​សម្តែង​ការគាំទ្រ និង​ត្រេកអរ​ដល់​តារាចម្រៀង​ទាំងពីរ​ខាងលើនេះ ចំពោះ​ការលើកទឹកចិត្ត​ពី​ប្រមុខ​រដ្ឋាភិបាល ដើម្បី​បន្តការងារ​តែ​និពន្ធ​បទ​ចម្រៀង​ថ្មីៗ ដែល​មិន​ចម្លង​ពី​បរទេស​បន្ថែមទៀត ។​
​យ៉ាងណា​ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើនេះ តារាចម្រៀង​នាង​ពេជ្រ សោភា បាន​ចេញមុខ​បដិសេធ និង​បាន​ស្នើសុំ​ឲ្យ​ទស្សនិកជន​កុំ​មានការ​យល់ច្រឡំ ចំពោះ​ព័ត៌មាន​មួយ​នេះ ។​

​ពេជ្រ សោភា បាន​សរសេរ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា សុំទោស សូមកុំ​មានការ​យល់ច្រឡំ ចំពោះ​ព័ត៌មាន​មួយ​នេះ សូម​បងៗ​សារព័ត៌មាន មេត្តា​គិត និង​សរសេរ​ព័ត៌មាន​ពិត​ក្នុងការ​ចុះផ្សាយ ។ នាង​បញ្ជាក់ថា នាង​ខ្ញុំ​និង​ដេវីដ ពុំ​ទទួលបាន​ប្រាក់​អី​នោះទេ តែ​ពួក​ខ្ញុំ​សប្បាយចិត្ត​ណាស់​ទៅហើយ ដែល​ស្នាដៃ​នេះ មានការ​ទទួលស្គាល់ និង​គាំទ្រ​ពី​បងប្អូន ពិសេស​ការកោតសរសើ​រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល វា​ជា​មោទនភាព និង​មហា​កិត្តិយស​ណាស់​ទៅហើយ សម្រាប់​ពួក​ខ្ញុំ ពួក​ខ្ញុំ​សប្បាយចិត្ត​ដែល​បានធ្វើ ដើម្បី​មុខមាត់​ខ្មែរ មិនមាន​សំដៅលើ​ប្រាក់រង្វាន់​នោះទេ អរគុណ​... ខ្មែរ​ស្រលាញ់​ខ្មែរ ។​

​ដោយឡែក ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើនេះ ម្ចាស់ Page សិល្បករ​កម្ពុជា​លោក​អ៊ឹម ជីវ៉ា បាន​អះអាង​ប្រាប់​​តាម​ទូរស័ព្ទ​ថា សម្រាប់​ព័ត៌មាន​នេះ លោក​អាច​និយាយថា ពិត​៦០ ទៅ​៧០​ភាគរយ ដោយសារ​លោក​បានទទួល​ព័ត៌មាន​នេះ ពី​មន្ត្រី​ថ្នាក់ខ្ពស់ ដែលមាន​មុខមាត់​ម្នាក់​នៅក្នុង​សង្គម និង​ក៏មាន​ការនិយាយ​តៗ​គ្នា​ពី​ចង្កោម​អ្នកសិល្បៈ​ដូចគ្នា​ផងដែរ ។​

​យ៉ាងណាក៏ដោយ លោក​ចាត់ទុក​ការបដិសេធ​ពី​សំណាក់​នាង​ពេជ្រ សោភា នាពេលនេះ គឺជា​រឿង​បុគ្គល ព្រោះ​លោក​យល់ថា កន្លងមក មាន​អ្នកសិល្បៈ​ជាច្រើន ត្រូវ​បានទទួល​ការឧបត្ថម្ភ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែ​មិនត្រូវ​បានទទួល​ការ​បានអនុញ្ញាត​ឲ្យ​មានការ​ចេញមុខ​ថ្លែងអំណរគុណ តប​ទៅវិញ និង​ទម្លាយ​ឱ្យដឹង​ជា​សា​ធាណៈ​ឡើយ ។​
​ទោះជា​យ៉ាងណា ក្នុងនាម​ម្ចាស់ Page និង​ជា​ក្រុមប្រឹក្សាភិបាល​របស់​សមា​គម​សិល្បករ​ខ្មែរ​លោក​អ៊ឹម ជីវ៉ា បាន​ថ្លែង​អំណរ​
​អរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​យកចិត្តទុកដាក់​ជួយ​លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ ជាពិសេស​គាំទ្រ​លើកទឹកចិត្ត​ស្នាដៃ​កូន​ខ្មែរ ឱ្យមាន​កម្លាំងចិត្ត​ក្នុងការ​តែង​និពន្ធ និង​ផលិត​បទ​ថ្មីៗ​បន្ថែមទៀត ៕

ចំនួនអ្នកទស្សនា

    19580377

  • ថ្ងៃនេះ701
  • ម្សិលមិញ5241
  • សប្តាហ៍នេះ23551
  • ខែនេះ16671
  • ឆ្នាំនេះ352931
  • សរុប19580377