ភ្នំពេញ ៖ ខណៈសល់តែរយៈពេលត្រឹមតែមួយថ្ងៃទៀត ពោលគឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦គូស្នេហ៍កើតចេញពីរង្វង់សិល្បៈដូចគ្នា ដោយគ្មានខាន់ស្លា គ្រាន់តែចុះអេតាស៊ីវិល គឺនាង ភិន សុដាលីស និងលោក ប៉ែន ចំរ៉ុង ត្រូវឡើងបំភ្លឺជុំវិញបណ្តឹងប្តឹងលែងលះ ដែលធ្វើឡើងពីភាគីខាងប្រុសនោះ ស្រាប់តែកាលពីយប់ថ្ងៃទី១០ ខែឧសភា តារាស្រី នាង ភិន សុដាលីស បានដាច់ចិត្តចេញមុខទម្លាយប្រាប់ពីការពិតនៃភាពឈឺចាប់របស់ខ្លួន និងទទួលរឿងមានផ្ទៃពោះ។
ជាការកត់សម្គាល់ចាប់តាំងពីបែកធ្លាយដំណឹង នៃការប្រេះឆាស្នេហ៍រហូតឈានដល់ដំណាក់កាលប្តឹងលែងលះគ្នាពីសំណាក់ នាង ភិន សុដាលីស និងលោក ប៉ែន ចំរ៉ុង នោះមក គឺកន្លងមក ពុំត្រូវបានភាគីណាមួយក្លាហានចេញមុខទម្លាយប្រាប់ពីការពិត នៃដើមចមសាច់រឿងដែលនាំឲ្យមានជម្លោះឲ្យមហាជនបានដឹងច្បាស់ការ ពិតជាសាធារណៈឡើយ។
ជារឿងៗគូស្នេហ៍អ្នកទាំងពីរតែងព្យាយាមគេចវេះពីភ្នែកច្រមុះ ទស្សនិកជន ពិសេសអ្នកសារព័ត៌មានតែម្តង ដោយមិនអាចស្វែងរកការផ្តល់សម្ភាសន៍បានទេ។
ស្របពេលដែលសាច់រឿងនេះកំពុងតែវិវឌ្ឍក្លាយជាដំណាក់កាលក្តៅពី ការតាមដានចង់ដឹងពីមហាជននោះ ស្រាប់តែភាគីខាងស្រី ភិន សុដាលីស បានចេញមុខបញ្ជាក់ប្រាប់អ្នកគាំទ្រនៅលើហ្វេសប៊ុកនាងថា សុំទោសចំពោះការបាត់មុខ…តែយ៉ាងណាក៏ដោយ ក៏អរគុណចំពោះការតេ (ហៅទូរស័ព្ទ) និងផ្ញើសារលើកទឹកចិត្ត ក៏ដូចជារាល់ commentsទាំងអស់។ ខ្ញុំពិតជាសុំទោសណាស់ ដែលខ្ញុំមិនអាចធ្វើការឆ្លើយតប ឬចូលអានភ្លាមៗនៅពេលនោះ។
តារាស្រី នាង ភិន សុដាលីស បានបន្តថា អ្នកខ្លះក៏បានធ្វើការតបតទៅលើcomments និងការshareអាក្រក់ៗមកលើរូបខ្ញុំ ខ្ញុំពិតជាអរគុណណាស់។ អរគុណ ដែលបានប្រាប់ឲ្យខ្ញុំឲ្យរឹងមាំ និងអរគុណចំពោះការស្រឡាញ់មកលើកូនរបស់ខ្ញុំ ខ្ញុំពិតជាមានសំណាងណាស់ដែលមានអ្នកទាំងអស់គ្នានៅក្បែរ មិនធ្វើឲ្យខ្ញុំមានអារម្មណ៍ថាឯកា។
ជាមួយគ្នានេះ ភិន សុដាលីស បានបន្ថែមថា វាពិតជាគ្រប់គ្រាន់ណាស់សម្រាប់ខ្ញុំ ដែលខ្ញុំ និងកូនខ្ញុំ ត្រូវបានគេស្រឡាញ់បែបនេះ ហើយពួកយើងសង្ឃឹមថា អាចតបស្នងអ្នកទាំងអស់គ្នាវិញចំពោះក្តីស្រលាញ់មួយនេះ។ អរគុណណាស់ មានតែពេលវេលាទេ ដែលអាចធ្វើឲ្យការឈឺចាប់មួយនេះជាសះស្បើយ។
សូមជម្រាបថា ដំណឹង នៃការប្តឹងសុំលែងលះរបស់លោក ប៉ែន ចំរ៉ុង មកលើភរិយាដែលមានផ្ទៃពោះប្រមាណ៤ខែ នាង ភិន សុដាលីស បាននិងកំពុងក្លាយជារឿងដ៏រំជើបរំជួលតាមបណ្តាញផ្សព្វផ្សាយនានា ពាក្យនិន្ទារិះគន់យ៉ាងច្រើន ក៏បាននិងកំពុងបាញ់ស្រោចយ៉ាងខ្លាំងទៅលើតារាសម្ដែងប្រុស លោក ប៉ែន ចំរ៉ុង។ ម្យ៉ាងទៀត អ្វីដែលកាន់តែពិសេសជាងនេះ ក៏មានការស្នើឲ្យមានការដកតារាប្រុសរូបនេះចេញពីវិស័យសិល្បៈផង ដែរ៕