ពិធីរៀបការពញ្ញាក់អារម្មណ៍របស់តារាចម្រៀងលោក កែវ វាសនា ជាមួយក្រមុំខេត្តបន្ទាយមានជ័យបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញ បណ្ដាញសង្គមហ្វេសប៊ុករួចហើយ ព្រោះពិធីអាពាហ៍ពិពាហ៍របស់លោកមិនដែលបានទម្លាយចេញធ្វើពិធី ភ្ជាប់ពាក្យទេ ស្រាប់តែរៀបការស្ងាត់ៗ តែទោះយ៉ាងណា ក៏មានអ្នកសិល្បៈជាច្រើនបានចូលរួមផងដែរ។
មកដល់ថ្ងៃទី១២នេះខណៈដែលព័ត៌មានរៀបការលោក កែវ វាសនា បានស្ងប់បន្តិច ក៏ធ្លាយចេញព័ត៌មានពីអ្នកសិល្បៈដែលបានចូលក្នុងពិធីមង្គលការ របស់លោកបានបង្ហើបថា នៅក្នុងពិធីអាពាហ៍ពិពាហ៍លោក កែវ វាសនា ពិតជាមានតារាល្បីឈ្មោះជាច្រើនបានចូលរួម ដោយមានទាំងតារាចម្រៀងល្បីឈ្មោះលោក ខេម ផងដែរ ហើយវត្តមានរបស់លោក ក៏មានអ្នកគាំទ្រច្រើននាក់សុំថតរូប ជល់កែវ និងសុំឱ្យលោកឡើងច្រៀងជាតារាកិត្តិយស ហើយក្នុងចំណោមអ្នកទាំងនោះ ក៏មានទាំងឧកញ៉ាម្នាក់ថែមទៀត។
ប្រភពដដែលនេះបន្តថា នៅក្នុងកម្មវិធីនេះលោក ខេម ហាក់មិនសូវសប្បាយចិត្តទេ គឺលោកមិនបានឡើងច្រៀងតាមការស្នើសុំជាច្រើនលើករបស់មិត្តភ័ក្ដិ និងទស្សនិកជនឡើយ ចំណុចនេះធ្វើឱ្យភ្ញៀវកិត្តិយសដែលមានវត្តមានជាច្រើននាក់ខឹងសម្បារ រហូតកើតមានបញ្ហាប្រទូសរ៉ាយនៅក្នុងរោងការថែមទៀតថង។
ព័ត៌មាននេះតារាច្រៀងល្បីឈ្មោះរបស់ផលិតកម្ម ថោន លោក ខេម បានប្រាប់ថា លោកពិតជាបានទៅចូលរួមក្នុងពិធីមង្គលការលោក កែវ វាសនា ពិតមែន ប៉ុន្តែសម្រាប់ព័ត៌មានដែលកើតមានខាងលើនេះដំបូងឡើយ ខេម បានប្រាប់ថា លោកសុំមិនឆ្លើយតបទេ ហើយក៏សុំបិទទូរស័ព្ទតែម្ដង។
ប៉ុន្តែប្រមាណជាបីនាទីក្រោយទើបលោកបានខលមកវិញហើយបានច្រានចោល ថា រូបលោកមិនបានធ្វើឱ្យកើតមានបញ្ហា ព្រោះតែលោកមិនផ្ដល់កិត្តិយសឡើងច្រៀងនៅក្នុងពិធីមង្គលការរបស់លោក កែវ វសនា ដូចព័ត៌មានខាងលើនេះទេ៕