ភ្នំពេញ៖ខណៈមហាជនជុំទិស និងអ្នកសិល្បៈផ្ទុះការរិះគន់ធ្ងន់ៗលើការស្លៀកពាក់ឆ្លុះឃើញ សាច់ខ្លួន ដោយបិទបាំងតែចុងនៃកំពូលភ្នំជាកេរ្តិ៍ខ្មាសស្ត្រីបន្តិចរបស់ ដេននី ក្វាន់ នៅក្នុងពិធីខួបកំណើតកូនប្អូនប្រុស អ្នកនាង ម៉េង កែវពេជ្ជតា ក៏ដង្ហោយតាមបណ្តាញសង្គមដោយបើកចំហដល់ក្រសួងវប្បធម៌ឲ្យពិចារណាលើ វត្តមានលើតារាស្រីសិចស៊ីរូបនេះផង។ ប៉ុន្តែត្រូវ ដេននី ក្វាន់ បានចេញសាររិះគន់តបកប់ៗមាត់ដាក់មក ម៉េង កែវពេជ្ជតា វិញ។
ប្រតិកម្មលើសពីប្រយោគមិត្តរួមអាជីពថា គ្រោងនឹងបបួលគ្នាទៅលើកបដាតវ៉ាមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឲ្យពិចារណាលើកាយវិការឆ្គាំឆ្គង និងវប្បធម៌សិល្បៈខ្មែរ នាង ដេននី ក្វាន់ ដែលបង្ហាញសារប្រមាថទៅដល់ស្ថាប័នវប្បធម៌ផងដែរនោះ អ្នកនាង ម៉េង កែវ ពេជ្ជតា ក៏បញ្ចេញសារយ៉ាងច្បាស់ក្រឡែត បង្ហាញពីការមិនពេញចិត្តពេញថ្លើមទៅនឹងការស្លៀកពាក់របស់នាង ដេននី ក្វាន់ ថា៖ «បើនាងម្នាក់ហ្នឹងមិនបានតាំងខ្លួនជាតារា ឬមិនពាក់ព័ន្ធនឹងសិល្បៈទេ ចង់នាងដើរទៅណាមកណាធ្វើអ្វី ឬថតអ្វីមិនស្លៀកពាក់ខោអាវសោះតែម្តង ក៏គ្មាននរណាទៅឆ្កួត ខឹងនឹងនាងដែរ។ ផ្ទុយទៅវិញ គឺមានតែអរគុណនាងទៅវិញ ដែលនាងចិត្តល្អឲ្យភ្នែកគ្រប់គ្នារាប់តាំងពីពូៗម៉ូតូឌុប អ្នកលក់លៀសហាល អ្នកបោសសំរាមផង ក៏អាចមើលរបស់នាង Free Free បាននោះ»។
អ្នកនាង ម៉េង កែវ ពេជ្ជតា សង្កត់ធ្ងន់ថា៖ «តែសំខាន់ នាងយកឈ្មោះជាតារា ឈ្មោះអ្នកសិល្បៈមកលាបដើម្បីទាញការចាប់អារម្មណ៍ និងពង្រីកទីផ្សាររបស់នាង ហើយពេលមហាជនទិះតៀន នាងបែរជាមកនិយាយបែបបន្ទាបបន្ថោកថា នាងមិនរស់ដោយសារតែសិល្បៈ និងសម្ដីក្អេងក្អាង ចំអកដល់ក្រសួងវប្បធម៌ទៀត»។
ដេននី ក្វាន់ គ្រងឈុតព្រះនាងព្រឹលស។ រូបថត ស៊ូ វុទ្ធីក្នុងសារនោះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏ដង្ហោយថា៖ «ក្រសួងវប្បធម៌ លោកបិទភ្នែក បិទត្រចៀក គួរមានវិធានការធ្វើការព្រមានចំៗឈ្មោះតែម្តងទៅ។ មិនដឹងថា នៅបិទបាំងលាក់មុខឲ្យដល់ណាទៀតទេ បើនាងព្រហើនដល់ម្លឹងហើយ»។
បើទោះនាងហាក់រងនូវរិះគន់ព្រនង់កាន់តែធំ ហើយក៏មានសិល្បៈនាំគ្នាជាច្រើនប្រកាសជំហរលើកគ្នាតវ៉ា សូមមានចំណាត់ការពីក្រសួងនោះក្តី ប៉ុន្តែគេមិនឃើញសញ្ញាពីនាង ដេននី ក្វាន់ បន្ទន់នោះដែរ ខណៈនោះ នាងក៏បានចេញសារប្រតិកម្ម និងរិះគន់ចំអកកប់ៗមាត់ បែបប្រយោល ទៅអ្នកនាង ម៉េង កែវពេជ្ជតា។
នាងសរសេរសារបានបរិយាយថា៖ «ឆ្ងល់ណាស់ ម៉េចក៏មករមាស់តែរឿងខ្ញុំអ៊ីចឹង? ខ្ញុំជាឃាតករ ឬក៏ដើរលួច ឆក់ប្លន់គេ បានជាម្នាក់ៗប្រឹងបើកបំពង់កស្រែកម្ល៉េះ?»។
តារារះថ្មីដែលរមែងសម្តែងភាពសិចស៊ីកប់ៗស៊េរីជាមួយការបង្ហាញ សម្ភារនិយម នាង ដេននី ក្វាន់ បានបន្ដលើកឡើងថា៖ «ដូចជាមីងម្នាក់អ៊ីចឹង តាំងខ្លួនឯងត្រឹមត្រូវនិងថ្លៃថ្នូរណាស់ទាំងដែលខ្លួនឯងរលួយ វ៉ល់មិនគិតផង។ ខ្ញុំសិចស៊ីក៏សិចស៊ីតែកាយ មិនដូចអ្នកសុភាពនឹងលើរង្គើក្រោមនោះទេ»។
នាង ដេននី ក្វាន់ ក៏ប្រើប្រយោគចំអកដោយប្រយោលទៀតថា៖ «មីងឯងនិយាយថាឲ្យខ្ញុំបានល្អណាស់ តែខ្ញុំក៏ចង់ប្រាប់ទៅមីងវិញដែរ មីងថា ខ្ញុំថោកហើយខ្លួនមីងថ្លៃណាស់គឺថ្លៃពេកហើយ។ ថ្លៃរហូតដល់ថ្នាក់ប្តីលែងក្បាល និងហែកកេរ្តិ៍ពេញប្រទេសថា ខ្លួនមានសហាយទៀត នេះហើយឬអ្នកថ្លៃថ្នូរ?»។
តារាស្រីដែលមហាជនកំពុងថ្កោលទោសរឿងបញ្ចេញកេរ្តិ៍ស្ត្រីលើសពី ដែនកេរ្តិ៍ស្ត្រី បើទោះជាសម័យនេះជាសម័យបច្ចេកវិទ្យាក៏ដោយនាង ដេននី ក្វាន់ បន្ដថា៖ «តាមខ្ញុំដឹង ខ្លួនមីងធ្លាប់ស្លៀកពាក់សុភាពជិតលើជិតក្រោមដែរ តែក៏ត្រូវគេរិះគន់ពេញប្រទេស ម៉េចមិនគិតផង។ ខ្ញុំមិនខឹងទេ។ មីងចាស់ហើយអាចមានបញ្ហាខាងខួរក្បាល ព្រោះពីមុនត្រូវប្តីវាយឡើងសរសៃប្រសាទហើយ។ ជូនពរឆាប់ជាពីជំងឺសរសៃប្រសាទណា ផ្ញើជូនអ្នកមីងផ្កាវល្លិផោម»៕