ភ្នំពេញ ៖ រហូតមកដល់ពេលនេះម៉ោងនេះ គេនៅមិនទាន់ឃើញតារាចម្រៀងប្រចាំផលិតកម្មថោនលោកខេម ចេញមុខបំភ្លឺ ឬក៏ចូលខ្លួនដោះស្រាយជាមួយជនរងគ្រោះទាក់ទងនឹងករណីបង្កគ្រោះថ្នាក់ ចរាចរណ៍ ដែលបានបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសកាលពីយប់រំលងអធ្រាត្រថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះនៅឡើយទេ។
សារព័ត៌មាននៅតែមិនអាចទាក់ទងសួរនាំតារាចម្រៀងខេម បានដដែលរហូតមកដល់រសៀលថ្ងៃទី១៨ ខែឧសភានេះ។ ដោយឡែកលោកមាស សុខរតនៈ អ្នកចាត់ការទូទៅប្រចាំផលិតកម្មថោនបានឲ្យដឹងថា លោកទើបតែទទួលបានព័ត៌មានអំពីករណីនេះតាមរយៈហ្វេសប៊ុក នៅព្រឹកមិញនេះដែរ ហើយលោកក៏បានព្យាយាមទាក់ទងទៅតារាចម្រៀងលោកខេម ភ្លាមៗដើម្បីចង់ដឹងអំពីរឿងនេះថាពិតឬយ៉ាងណា តែរហូតមកដល់ពេលនេះនៅតែមិនអាចទាក់ទងបានឡើយ។
លោកមាស សុខរតនៈបាននិយាយប្រាប់បន្តថា នៅពេលនេះលោកកំពុងរង់ចាំការទាក់ទងរបស់តារាចម្រៀង ខេមមកលោកវិញ ហើយបើមានព័ត៌មានយ៉ាងណានោះ លោកនឹងបកស្រាយប្រាប់បណ្ដាញសារព័ត៌មាននៅពេលក្រោយ។ បើតាមអ្វីដែលលោកដឹងពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ ដោយមិនទាន់កំណត់ថាម្ចាស់រថយន្តRang Rover ពណ៌សនោះជារបស់តារាចម្រៀងខេម ឬយ៉ាងណានៅឡើយ ហើយខាងជំនាញកំពុងស្រាវជ្រាវតាមរយៈស្លាកលេខសិនទើបដឹងច្បាស់ថា ម្ចាស់កម្មសិទ្ធិរថយន្តជានរណា។
ដោយឡែកប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកRang Roverពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 បើកតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង និងមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក CeLiCaពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿនដូចគ្នា ទិសដៅបញ្ច្រាសគ្នា ពេលមកដល់ចំណុចកើតហេតុ បានបុកគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ដែលជាម្ចាស់រថយន្ត CeLiCaស្លាប់កៀបជាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម។ ចំណែកអ្នកបើករថយន្តRang Rover ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងនៅក្នុងផលិតកម្មថោន គឺលោកខេម និងរួមដំណើរដោយនារីម្នាក់ទៀត បានចុះពីរថយន្តរួចគេចខ្លួនបាត់។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងស្ថានីយប្រេងសូគីម៉ិច តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ។ បុរសជាជនរងគ្រោះមានឈ្មោះ លី ការីម អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារអម្រឹត បច្ចុប្បន្នស្នាក់នៅក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ៕