រាជធានីភ្នំពេញ ៖ «ពិតជាមិនខុសទេដែលបទចម្រៀងលោកស៊ីន ស៊ីសាមុត ដែលមានទំនុកថា «ទុក្ខអ្វីមិនស្មើទុក្ខប្រពន្ធពីរ ធ្ងន់ជាងគិរីធំជាងធរណីវារីសមុទ្រ រលកគ្រាំៗឱ្យខ្ញុំតក់ស្លុត ទោះបីខ្ញុំខំប្រយុទ្ធក៏ មុខអាវុធលែងមុតទៅហើយ»។ យ៉ាងណាមិញស្ត្រីម្នាក់ដែលគេស្គាល់ថា ជាប្រពន្ធដើមលោក គីនីន អ្នកចម្រៀងដែលបាត់មុខយូរ បាននាំកូនប្រុសម្នាក់ទៅ រករឿងនាងប្រពន្ធចុងលួចលាក់ដល់ ផ្ទះជួលមួយហើយក៏ឈ្លោះប្រកែក ជេរបញ្ចោរគ្នាយ៉ាងខ្លាំង កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៥ ឧសភា នៅផ្ទះជួលលេខ១៨ ជាន់ទី១ ផ្លូវលេខ២៦១ ស្ថិតនៅក្រុមទី១៣ ភូមិទី៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ទោះបីជាយ៉ាងណា ក្តីការឈ្លោះដណ្តើមប្តីគ្នា នេះពុំបង្កឱ្យក្លាយទៅជាអំពើ ហិង្សាបណ្តាល ឱ្យមានអ្នករងរបួសឡើយ ប៉ុន្តែបានធ្វើឱ្យមាន ការភ្ញាក់ផ្អើលដល់ ប៉ូលិសចុះទៅណែនាំ ឱ្យទៅជួបគ្នាដោះស្រាយនៅសាលាសង្កាត់។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ គេឃើញស្ត្រីម្នាក់បណ្តើរ កូនប្រុសម្នាក់ដែលគេស្គាល់ ថា ជាប្រពន្ធនិងកូនរបស់លោក គីនីន អតីតជាអ្នកចម្រៀងនិង ជាពិធីករបានទៅរករឿងស្ត្រីវ័យក្មេង ម្នាក់ដល់ផ្ទះជួលដោយចោទថា ជាប្រពន្ធលួចលាក់របស់លោក គីនីន ជាប្តីរបស់នាង។ ខណៈនោះក៏មាន ការឈ្លោះប្រកែកនិងជេរបញ្ចោរគ្នាយ៉ាងខ្លាំង ហើយប៉ូលិសមូលដ្ឋាន បានទទួលបញ្ជាឱ្យចុះទៅសម្របសម្រួល ណែនាំកុំឱ្យឈ្លោះប្រកែកគ្នាអី គួរនាំគ្នាទៅសង្កាត់វិញ។
ប្រភពព័ត៌មានឱ្យដឹងថា នៅរសៀលនោះគេឃើញលោក «គីនីន» ក៏មានវត្តមាននៅទីនោះដែរ ហើយបានជួយសម្រួល កុំឱ្យប្រពន្ធបណ្តូលចិត្តទាំង២ឈ្លោះគ្នា។ ទោះបីជាយ៉ាង ណាក្តីប្រពន្ធលួចលាក់របស់លោក គីនីន ពុំត្រូវគេស្គាល់ឈ្មោះទេ៕