កំពង់ចាម៖ តើប្រិយមិត្តណាខ្លះ ធ្លាប់ញ៉ាំត្រសក់ចាវ? ត្រសក់ចាវជាមុខម្ហូប១មុខមានឱជារសឆ្ងាញ់ជាពិសេសពិសាជាមួយបាយកក។ អ្នកដែលធ្លាប់ញ៉ាំពិតជានឹកឃើញរសជាតិវាមិនខាន ពេលបានអានអត្ថបទនេះ។ រសជាតិដើមរបស់ត្រសក់ចាវគឺជូរប្រៃ ។ បើអ្នកញ៉ាំវាដោយមិនបន្ថែមគ្រឿងពិតជាមិនសូវឆ្ងាញ់ទេ ដើម្បីឲ្យឱជារសឆ្ងាញ់អ្នកគួរបន្ថែមស្ករ ប៊ីចេងបន្តិច ទើបឆ្ងាញ់។ បើអ្នកចេះញ៉ាំក្រូចឆ្មារសូមដាក់បន្តិច។ អ្នកក៏អាចបន្ថែមម្ទេស ដើម្បីបង្កើនរសជាតិកាន់តែប្រសើរ។
អ្នកស្រី ចន្នី ជាកសិករម្នាក់នៅភូមិពោធិ៍សាលាទី ២ ឃុំព្រែកក្របៅ ស្រុកកងមាសក្នុងខេត្តកំពង់ចាម បានប្រាប់ថា គាត់ធ្វើត្រសក់ចាវជាមួយម្ដាយរបស់អ្នកស្រីតាំងពីក្មេងមកម្ល៉េះ រហូតដល់អ្នកស្រីមានគ្រួសារហើយ ក៏នៅតែធ្វើត្រសក់ចាវនេះទល់នឹងបច្ចុប្បន្នដដែល។ របៀបនៃការធ្វើត្រសក់ចាវនេះ គឺងាយទេ “គ្រាន់តែដាក់ត្រសក់ក្នុងពាង ចាក់ទឹកត្រជាក់ចូល រួចទើបដាក់អំបិលចូលជាក្រោយ ហើយត្រាំរយៈពេល ២ថ្ងៃ រួចស្រង់យកទៅហាល”។ នេះជាការលើកឡើងរបស់អ្នកស្រី ចន្នី។បើនិយាយពីរដូវធ្វើត្រសក់ចាវ គឺចាប់ ខែ មករា-កុម្ភៈ ដល់ខែកក្កដា-សីហា។ ដោយសារតែត្រសក់ចាវ ត្រូវការកម្ដៅថ្ងៃ ដើម្បីហាល ដូចនេះ រដូវប្រាំងជាពេលដ៏ល្អបំផុតសម្រាប់របរនេះ ។ កម្ដៅថ្ងៃខ្លាំងពេកធ្វើឲ្យត្រសក់កាន់តែស្រកគីឡួខ្លាំងដែរ គាត់ក៏ខាតខ្លាំងដែរ។
អ្នកស្រី ចន្នី បានត្អូញត្អែរថា របរនេះមិនសូវជាចំណេញទេ ក៏ដោយសារតែត្រសក់ស្រស់មានតម្លៃថ្លៃ១ ២០០៛ ហើយដើម្បីបានត្រសក់ចាវ ១គីឡូក្រាម ត្រូវចំណាយត្រសក់ស្រស់ ២គីឡូក្រាម នៅថ្លៃអំបិលផង។ ចំណែកឯតម្លៃលក់បានត្រឹមតែ ២ ៣០០៛ ក្នុង១គីឡូក្រាម នៅរដូវសម្បូរត្រសក់ និង ២ ៥០០៛ នៅពេលខ្សត់ត្រសក់។
អ្នកស្រី ចន្នី មិនបោះបង់របរនេះ បើទោះជាវាមិនសូវចំណេញ តែដោយសារតែគាត់ធ្លាប់ធ្វើតាំងពីណាពីណីមកក៏ចេះតែបន្តធ្វើរៀងមក។ ប្រភពដដែលបន្តថា ក្រោយពីធ្វើធ្វើត្រសក់បាន ម៉ូយដែលនៅជិតៗគេមកយកដល់ផ្ទះ ក្រៅពីនេះប្ដីអ្នកស្រីដឹកទៅបោះឲ្យម៉ូយនៅផ្សារសួង៕
ប្រភព៖sabay