ភ្នំពេញ៖គ្រោះថ្នាក់ចរាចរបង្កភា្ញក់ផ្អើល ទូទាំងប្រទេស ពិសេសតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីជិត១០ថ្ងៃមុន ដែលធ្វើឲ្យអ្នកវិភាគ និងធ្វើការសន្និដ្ឋានខុសៗគ្នា ដោយលេចឮចចាមអារ៉ាមពីនេះពីនោះ ពាក់ព័ន្ធការស្លាប់ និងសំណង២៥.០០០ដុល្លារ។ ប៉ុន្តែថ្មីៗនេះ លោកលី ម៉ាត់លី ត្រូវជាបងប្រុសជនរងគ្រោះឈ្មោះលីម៉ាត់ ការីន ស្លាប់ពេលគ្រោះថ្នាក់ចរាចររថយន្តតារាចម្រៀង ខេម ម៉ាក RANGE ROVER បុកជាមួយរថយន្ត Celica កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នោះ បានបដិសេធថា តារាចម្រៀងខេមមិនបានផ្ដល់សំណង ២៥.០០០ដុល្លារដល់គ្រួសាររបស់លោកទេ។
លោក លី ម៉ាត់លី បានធ្វើការបដិសេធចំពោះដំណឹងលេចឮល្ហិចល្ហៀងមកថា ក្រុមគ្រួសារតារាចម្រៀងខេមបានចរចាចូលខ្លួនដោះស្រាយបញ្ចប់រឿង ដោយបានផ្ដល់សំណងចំនួន ២៥.០០០ដុល្លារ ដោយលោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ពុំមានការចរចា ឬផ្ដល់សំណងអ្វីមួយដល់គ្រួសារលោក ដែលជាជនរងគ្រោះ នៅឡើយទេ ឯព័ត៌មានខាងលើមិនពិតឡើយ។
គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចររវាងរថយន្តរបស់តារាចម្រៀងខេម បុកជាមួយនឹងរថយន្តម៉ាកស៊ីលីកាកាលពីយប់ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៦កន្លងទៅ បណ្ដាលឲ្យស្លាប់បុរសម្នាក់ គឺមានរយៈពេល៨ថ្ងៃមកហើយ។ ប៉ុន្តែអ្វីដែលកំពុងតែទន្ទឹងរង់ចាំមើលពីដំណោះស្រាយ ចំពោះក្រុមគ្រួសារជនរងគ្រោះនោះ គឺមិនទានឃើញជាដុំកំភួននៅឡើយទេ ខណៈដែលក្រុមគ្រួសារជនរងគ្រោះកំពុង តែពិចារណាដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់ ប្រសិនបើគ្មានដំណោះស្រាយសមរម្យណាមួយនោះ។
ប៉ុន្តែទោះបីជា យ៉ាងណា ប្រភព័ត៌មានពីមន្ត្រីចរាចរណ៍ផ្លូវគោក បានបង្ហើបប្រាប់ថា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ របស់តារាចម្រៀង ខេម បានបញ្ជូនដល់ដៃតុលាការហើយ កាលពីម្សិលមិញនេះ ព្រោះត្រូវបានរៀបចំឡើងតាមផ្លូវច្បាប់ទោះបីជាភាគីទាំងពីរបាន ដោះស្រាយចប់សព្វគ្រប់ក្ដី ព្រោះករណីគ្រោះថ្នាក់ចរាចរបណ្ដាលឲ្យមានមនុស្សស្លាប់នេះ គឺតារាចម្រៀងខេមត្រូវជាប់បណ្ដឹងអាជ្ញារមួយទៀត ទោះបីក្រុមគ្រួសារជនរងគ្រោះ មិនដាក់ពាក្យប្ដឹងក្ដី។
ក្នុង សំណុំរឿងនេះ សាច់ញាតិជនរងគ្រោះ ធ្លាប់បានបញ្ជាក់ថា បងប្អូនគ្រួសារ តារាចម្រៀង ខេម រួមនឹងខាងផលិតកម្មផង បានសុំចូលខ្លួនមកចរចារដោះស្រាយ បញ្ហាគ្រោះថ្នាក់ចរាចរន៍។ ពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ នៃការសងសំណង មិនទាន់ត្រូវបានបង្ហើបឲ្យដឹង នៅឡើយនោះទេ។ ប៉ុន្តែរហូតមកដល់ពេលនេះ គឺមិនទាន់មានជាលទ្ធផលផ្លែផ្កាអ្វីឡើយ ខណៈដែលដំណោះស្រាយ គឺមិនទាន់មាននោះទេ៕