ពេជ្រ សោភា ប្រកាស​លាឈប់​ពី​ហង្ស​មាស​ជា​ផ្លូវការ​ក្រោយ​ចប់​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២

21-June-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ ដូច​ការបញ្ជាក់​កាលពី​ប៉ុន្មាន​ខែ​មុខ​របស់​តារាចម្រៀង​ល្បីឈ្មោះ អ្នកនាង​ពេជ្រ សោភា ថា នាង​នឹង​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស ក្រោយពី​បញ្ចប់​ភារកិច្ច​ជា​គ្រូបង្វឹក​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក The Voice Cambodia រដូវ​កាល​ទី​២ ។ នៅពេលនេះ​នាង​ក៏បាន​ប្រកាស​ជា​ផ្លូវការ​ដែរ​ថា​នឹង​ចាក​ចេញពី​ផលិតកម្ម​ដែលជា​ជម្រក​ដំបូង​ដែល​ធ្វើ​ឲ្យ​នាង​ល្បីល្បាញ​។​

​ក្នុងការ​ផ្សាយ​បន្ត​ផ្ទាល់​លើក​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក តារាចម្រៀង ពេជ្រ សោភា បានធ្វើ​ឲ្យ​អ្នកគាំទ្រ​រាប់ពាន់​អ្នក​បង្ហាញ​ពី​អារម្មណ៍​រំជួលចិត្ត​អាណិត​នាង និង​ស្នើ​មិន​ឲ្យ​តារា​ស្រី​រូបនេះ​ចាកចេញ​ពី​ផលិតកម្ម​ធំ​មួយ​នៅ​កម្ពុជា​នេះ​។ ពេជ្រ សោភា ប្រាប់ថា នាង​នឹង​ចាក​ចេ​េ​ញ​ពី​ផលិតកម្ម​ខាងលើ​ជា​ផ្លូវការ​ក្រោយពី​បញ្ចប់​ការងារ​ជា​គ្រូបង្វឹក ដែល​នាង​មិនមាន​ជម្រើស​ណា​ក្រៅពី​ការចាកចេញ​ទេ ។ ទោះជា​យ៉ាងណា​នាង​មិនបាន​បញ្ជាក់​អំពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​មានការ​ចាកចេញ​ដ៏​គួរ​ឲ្យ​សោកស្តាយ​នេះ​ទេ​។​
​តារាចម្រៀង ពេជ្រ សោភា បញ្ជាក់ថា នាង​ពិតជា​ចាក​ចេញពី​ហង្ស​មាស ហើយ​នាង​ក៏​អាច​នឹង​ចាក​ចេញពី​ពិភព​សិល្បៈ​ទាំងមូល​ដែរ​។ នាង​បន្តថា ដោយសារតែ​មូលហេតុ​មាន​ជំងឺ​បាក់​ទឹកចិត្ត​ទើប​នាង​សម្រេចចិត្ត​ចាកចេញ​ពី​ផលិតកម្ម ហើយ​នាង​មិន​ប្រាកដ​អំពី​ការវិល​រក​សិល្បៈ​វិញ​នៅពេលណា​ដែរ គឺ​នាង​អាច​នឹង​ទៅ​រស់នៅ​ទី​ឆ្ងាយ​មួយ​ដើម្បី​សម្រាក​។ នាង​ថា​កន្លងមក​នាង​មាន​ឪពុក​នៅ​ជិត​ផ្តល់​កម្លាំងចិត្ត​នាង​ជានិច្ច​ប៉ុន្តែ​ក្រោយពី​ឪពុក​នាង​ស្លាប់​បានធ្វើ​ឲ្យ​នាង​កាន់តែ​បាក់​ទឹកចិត្ត​ធ្វើឡើង​។​
​លោក អ៊ិន ទី​តូ អ្នកគ្រប់គ្រង​ផលិតកម្ម​វិធី​របស់​ទូ​រទស្ស​ន៍​ហង្ស​មាស​បញ្ជាក់ថា លោក​នៅ​មិនទាន់​ដឹង​អំពី​ដំណឹង​នៃ​ការចាកចេញ​របស់​តារា​ស្រី​រូបនេះ​នៅឡើយ​ទេ​ហើយ​លោក​ស្នើ​មិន​ធ្វើការ​អធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​។​

​គួរ​បញ្ជាក់ដែរថា កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៥ តារា​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ពេជ្រ សោភា បាន​សរសេរ​ព័ត៌មាន​លើ Facebook Page ផ្លូវការ​របស់​នាង​ថា នាង​នឹង​លាឈប់​ពី​ហង្ស​មាស ប៉ុន្តែ​នាង​នឹង​នៅតែ​ធ្វើ​ការងារ​របស់​នាង​ឲ្យ The Voice Cambodia រដូវ​កាល​ទី​២ ចប់​ចុង​ចប់​ដើម​។  សារ​នេះ​កើត​ក្រោយ​មាន​ព័ត៌មាន​ថា ពេជ្រ សោភា ត្រូវ​ថ្នាក់លើ​ស្ដីបន្ទោស​ខ្លាំង​បន្ទាប់ពី​នាង​ចុះ​ពីលើ​ឆាក​ការ ប្រគំ​តន្ត្រី​មួយ​នៅ​កោះ​ពេជ្រ​នា​គ្រានោះ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    19588867

  • ថ្ងៃនេះ311
  • ម្សិលមិញ4771
  • សប្តាហ៍នេះ5091
  • ខែនេះ25161
  • ឆ្នាំនេះ361421
  • សរុប19588867