ញត្តិ​ថ្កោលទោស​រឿង វ៉ាន់ នី​ឡា ត្រូវបាន​ទម្លាយ

25-June-2016 | ដោយ មែន កំសត់


​ភ្នំពេញៈ នៅ​ថ្ងៃទី​២៤ ខែមិថុនា​នេះ ញត្តិ​ថ្កោលទោស​ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​រូបអាក្រាត​របស់​តារាចម្រៀង វ៉ាន់ នី​ឡា ត្រូវបាន​ទម្លាយ​ហើយ បន្ទាប់ពី​តារា​សិល្បៈ​ស្រុសគ្នា​ផ្ដិតមេដៃ​អស់​រយៈពេល​ជិត​មួយ​សប្ដាហ៍​។ មកទល់ពេលនេះ មាន​ស្នាម​ដៃ​រហូតដល់​ជាង​៣០០​មេដៃ ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​វប្បធម៌ និង​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ជំរុញ​ផ្លូវច្បាប់​ក្នុងការ​វែកមុខរ​កជ​ន​ល្មើស ដែល​បាន​បង្ហោះ​រូបអាក្រាត វ៉ាន់ នី​ឡា ដែល​ខ្លឹមសារ​ក្នុង​ញត្តិ​បញ្ជាក់ថា ជា​ទង្វើ​ប៉ះពាល់​ធ្ងន់ធ្ងរ​។​

​យោងតាម​ទម្លាយ​ចេញពី​តំណាង​ក្រុម «​គ្រួសារ​តារា​កម្ពុជា​» បាន​អះអាងថា នេះ​ជាញ​ត្តិ​ដែល​បាន​ធ្វើឡើង​ដែល​បានរួម​កម្លាំង​តារា​សិល្បៈ ដោយមាន​តាំងពី​តារា​ចាស់​តារា​ថ្មី និង​អ្នកគាំទ្រ ដែល​ពួកគេ​សុទ្ធតែ​យល់ឃើញថា សកម្មភាព​បង្ហោះ​រូបអាក្រាត​ទាំងនោះ ធ្វើ​ឲ្យ​អាប់ឱន​ដល់​តម្លៃ​វប្បធម៌ និង​សីលធម៌​នៅក្នុង​សង្គម​កម្ពុជា​។​
​លោក រដ្ឋ តារា ស្ថាបនិក​ក្រុម «​គ្រួសារ​តារា​កម្ពុជា​» បាន​អះអាងថា គោលបំណង​នៃ​ការធ្វើ​ញត្តិ​អត់​មាន​អ្វី​ក្រៅពី​រួម​កម្លាំង​តារា​សិល្បៈ ជួយ​ដល់​តារា​សិល្បៈ​ក្នុងពេល​ទទួលរង​នូវ​ភាពអយុត្តិធម៌​នោះទេ ហើយ​បំណង​សំខាន់បំផុត គឺ​ចង់​ឲ្យ​ក្រសួង​វប្បធម៌ និង​ក្រសួង​ព័ត៌មាន ជួយ​ជំរុញ​ខាង​ផ្លូវច្បាប់ ដើម្បី​ឲ្យ​ការវែកមុខ​រក​ជនអនាមិក​ទទួលបាន​ផ្លែផ្កា​។ លោក​ថា ញត្តិ​នេះ ទទួលបាន​មេដៃ​អាច​ដល់​៤០០​មេដៃ ឬ​លើស​ហ្នឹង ដោយ​តែត្រឹម​ល្ងាច​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ ដែល​មិនទាន់​ដល់កំណត់​យក​ញត្តិ​ប្រគល់ជូន​ក្រសួង​ទាំង​២ នៅ​សប្ដាហ៍​ក្រោយ​ផង ទទួលបាន​ស្នាម​មេដៃ​ពី​តារា​សិល្បៈ និង​អ្នកគាំទ្រ​ចំនួន​៣៤៨​មេដៃ​ហើយ​។​

​លោក សុះ ម៉ាច ប្រធាន​សិល្បករ​ខ្មែរ បាន​អះអាងថា តារា​សិល្បៈ នឹង​ជួបជុំគ្នា​ប្រគល់​ញត្តិ​នេះ​ឲ្យ​ក្រសួង​វប្បធម៌ នៅ​អំឡុង​ថ្ងៃ​ច័ន្ទ ឬ​ថ្ងៃ​អង្គារ ដើម​សប្ដាហ៍​ខាងមុខ ដោយ​ការប្រគល់​ញត្តិ​អត់​មាន​សកម្មភាព​ដង្ហែ​ញត្តិ​នោះទេ គឺ​គ្រាន់តែ​ជួបជុំគ្នា​នៅក្នុង​បរិវេណ​ក្រសួង រួច​ប្រគល់ជូន​ក្រសួង​ប៉ុណ្ណោះ​។ នេះ​ជា​លើក​ទី​១ ដែល​តារា​សិល្បៈ​បាន​រួមដៃគ្នា​ថ្កោលទោស លើ​ករណី​ទម្លាក់​តម្លៃ​សិល្បៈ បន្ទាប់ពី​រូបអាក្រាត​កាយ​របស់​តារាចម្រៀង កញ្ញា វ៉ាន់ នី​ឡា ត្រូវបាន​បង្ហោះ​ឡើង​។ ទោះ​រឿងរ៉ាវ​នោះ ជា​បញ្ហា​ឯកជន ប៉ុន្តែ​លោក​ថា វ៉ាន់ នី​ឡា គឺជា​តារា​មហាជន និង​តំណាង​សិល្បករ​ខ្មែរ​។ ដូច្នេះ​ចំពោះ​ការ​បង្ខូចឈ្មោះ​ទៅលើ​នាង គឺ​មិន​ខុសពី​មានបំណង​មាក់ងាយ​វប្បធម៌ និង​សីលធម៌​របស់​សង្គម​នោះទេ​។​

តែ​ទោះជា​យ៉ាងណា លោក សុះ ម៉ាច មិនទាន់​ច្បាស់​ពី​វត្តមាន​តារា​សិល្បៈ​ក្នុង​ថ្ងៃ​ប្រគល់​ញត្តិ​នោះទេ ដោយ​គ្រាន់តែ​អះអាងថា តារា​ភាគច្រើន​មិន​អស់ចិត្ត ដោយសារតែ​ក្រសួង​សុំ​ឲ្យ​ទៅ​តែ​តំណាង​តិចតួច​។ លោក​ថា នៅពេល​អ្នកសិល្បៈ​មានរឿង​តារា​សិល្បៈ ត្រូវតែ​ចាប់ដៃគ្នា ប៉ុន្តែ​បើ​គ្មាន​ការលើកទឹកចិត្ត​ពី​ក្រសួង នោះ​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ ប្រសិនបើ​គ្រាន់តែ​តារា​សិល្បៈ​ជួបគ្នា​ធម្មតាៗ​យក​ញត្តិ​ទៅ​ប្រគល់ជូន​ក្រសួង ហើយ​ត្រូវបាន​ក្រសួង​ជំទាស់​។​
​ករណី​នេះដែរ រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ លោក ថៃ រនៈ​សត្យា បាន​អះអាងថា ហេតុផល​ដែល​ក្រសួង​មិន​ចង់​ឲ្យ​ទៅ​គ្នាច្រើន គឺ​ដោយសារតែ​នោះ​ជា​រឿង​តូចតាច និង​ដើម្បី​កុំ​ឲ្យ​មាន​ការយល់ច្រលំ​ថា ជា​រឿង​ដាក់​ញត្តិ​ផ្ដេសផ្ដាស់​នាំ​ឲ្យ​កើត​បញ្ហា​ប៉ុណ្ណោះ​៕

ចំនួនអ្នកទស្សនា

    19588357

  • ថ្ងៃនេះ4581
  • ម្សិលមិញ4091
  • សប្តាហ៍នេះ4581
  • ខែនេះ24651
  • ឆ្នាំនេះ360911
  • សរុប19588357