ឃ្លោកជាពួកបន្លែស៊ីផ្លែ តែអាចយកទងខ្លីៗ មិនបានការឲ្យជ្រូកស៊ីបាន ។ ជីពិសេសរបស់ឃ្លោក គឺអាចម៍ជ្រូក ។ ដូច្នោះបើកាលណាចិញ្ចឹមជ្រូកត្រូវតែដាំឃ្លោក១ទ្រើងសំរាប់ធ្វើបន្លែ ហូបឆ្លាស់ជាមួយត្រប់ ននោង ។ ព្រោះយើងពុំអាចហូបបន្លែ ច្រំដែលរាល់ថ្ងៃបានឡើយ ។ -
អំពីពូជ
- កុំយកពូជផ្លែក្រមោល ។ ព្រោះឃ្លោកផ្លែធំ ទោះនៅខ្ចីក៏ពុំឆ្ងាញ់ទេ ទើបអ្នកទិញមិននិយម ។ ត្រូវយកផ្លែវែងធ្វើពូជ ហើយបេះ ហូបកាលនៅខ្លូតប៉ុនៗ កំភួនជើង ឬធំជាងកំភួនដៃបន្តិច ។
- ត្រូវបណ្ដុះគ្រាប់ក្នុងកន្ទោងទុក១៥ថ្ងៃមុនដាំ ចំនួន៤កន្ទោង ។ ក្នុង១កន្ទោងដាក់៣ ទៅ៤គ្រាប់សំរាប់រើសយកតែ១ថ្លោសល្អ ។ -
ការរៀបរណ្ដៅ
- ត្រូវចាប់ផ្ដើមដាំនៅចុងរដូវភ្លៀង ។
- ជីករណ្ដៅខ្នាត ១មx ១ម x៧តឹក អែបទីដែលជ្រូកជុះ ។ ហាលរណ្ដៅ១០ថ្ងៃ ទើបយកចំបើងដែលគោដេករួមទាំងលាមកវាផង មកដាក់ច្របល់លាយដីក្នុងរណ្ដៅ ព្រមទាំងជ្រុំរ៉េះគែម ពង្រីករណ្ដៅផង ។ យើងមិនរៀបជាស្រទាប់ទេ តែលាយច្របល់ឲ្យដីធូរ ។ ហើយទុកចោល ១៥ថ្ងៃ ។
- ផ្នែកខាងលើលាយជីកំប៉ុស៣បង្គី ច្របល់ជាមួយដីរ៉េះមាត់រណ្ដៅ ។
- រណ្ដៅរៀបរួចមានជំរៅ១ចំអាម ព្រោះយើងដាំនៅពេលអស់ភ្លៀង ។
- រៀបយ៉ាងនេះហើយ ត្រូវកាប់ដីជុំវិញរណ្ដៅ១ម៉ែត្រ បកវាហាលទុក១០ថ្ងៃឲ្យស្ងួត ទើបបាចជីកំប៉ុសចូល២ ទោ៣បង្គី កាប់សារឡើងវិញបំបែកដីឲ្យល្អិត ។ ទីជុំវិញរណ្ដៅនេះត្រូវឲ្យមានជន្លេន ហើយបើជាពូជជន្លេនទ្រកទើបល្អ ព្រោះជន្លេនទ្រកវាចុះ ជ្រៅនៅពេលថ្ងៃ ដែលទោះជាយើងកាប់ដីយ៉ាងណាក៏មិនត្រូវដាច់ដោយមុខចប ។
ការដាំ
- បង្អត់ទឹកកូន ៣ថ្ងៃមុនដាំ ។
- ស្រោចទឹករណ្ដៅឲ្យជោកមុនដាំ ២ ម៉ោង លុះត្រាស្រស់ដីទើបកាយដាំបាន ។
- យកកូនដាក់កន្ទោងទាំង៤ ហើយទាំងអស់ដែលមានតែ៤ដើម ។ ស្រាយលាកន្ទោងចេញ ដាក់ដាំនៅចំងាយ១ហត្ថពីគ្នា នៅកណ្ដាលរណ្ដៅ ឬដាំនៅចំងាយ១ចំអាម ពីជ្រុងនិមួយៗ ។
- ដាំរួចស្រោចទឹក ១ផ្តិលគ្រប់ដើម ។
- យកចំបើងគ្របរណ្ដៅ រួចសង្កត់ដោយធាងដូង ។ ប្រយ័ត្នមាន់ចឹក ព្រោះមានតែ៤ដើម ហើយស្លឹកវានៅល្អិតទៀតផង ។
ការថែទាំ
- ២ទៅ ៣ថ្ងៃ ត្រូវចូកអាចម៍ជ្រូកបោះចូលម្ដងតាមចន្លោះដើម ។
- ស្រោចទឹករាល់ល្ងាចនៅរដូវប្រាំង ទើបឃ្លោកឲ្យផ្លែមុនរដូវភ្លៀង ។
- ទឹកដែលងូតឲ្យជ្រូក ត្រូវធ្លាក់តាមចង្អូរហូរចាក់ចូលជុំវិញទីក្រៅរណ្ដៅ ។
- ដើមឃ្លោកខ្ពស់បន្តិចចេញដៃវារ ត្រូវទាញវៀនក្នុងរណ្ដៅ ១ជុំម្នាក់ រួចទើបអោយចេញវារនៅទីដី កាប់២ជុំម្នាក់ទៀត ទើបឲ្យឡើង ទ្រើង ។ លុះដល់ឡើងទ្រើងតែបន្តិចក៏ផ្លែយ៉ាងច្រើន ។ មិនធ្វើដូច្នេះវាអាចលេងខ្លួនទ្រុបលើទ្រើង ដែលនាំឲ្យផ្លែតិច ។
- ឃ្លោកដែលប្រើជីអាចម៍ជ្រូក គ្រាន់តែទងរបស់ស្លឹកនិមួយៗប្រវែង ១គក់ ។ - ការជួយឲ្យកាន់កន្លះ និងថែផ្លែ
- វាអាចហូតកន្លះចោលខ្លះ ។ ពេលណាហូតកន្លះហើយ យើងគួរប្រើជីក្បុង ដើម្បីឲ្យកាន់ផ្លែបានច្រើន ដោយយកដើមផ្ទីកាប់ចិញ្ច្រាំ សំបកផ្លែគរ ក្ដិបគរ ផ្កាគរជ្រុះ មករាយពីលើមាត់រណ្ដៅ និងពីលើដើមដែលវារលើដី ស្រោចទឹកពីលើ ឲ្យជាតិក្បុងស្រក់ចុះបណ្ដើរៗ ។
- ចូកអាចម៍ជ្រូកជះពីលើទីរណ្ដៅ និងជុំវិញរណ្ដៅជាញឹកញាប់ ។
- ក្ដិបខ្វៀតត្រូវបេះយកចេញ ហើយសំរួលឲ្យក្ដិបល្អសំយុងទើបស្រួលពេលកាត់យកផ្លែ ។
- ត្រូវឧស្សាហ៍បេះទើបផ្លែបានច្រើន ។
- ពេលបេះត្រូវកាត់ទងណាវែងពេកចោល ។
- ព្យាយាមកាត់ទងឆ្មារខ្ចីឲ្យជ្រូក ។
- បើទងធំចេះតែចេញឆ្ងាយទៅៗ លុះពេលផ្នែកខាងចុងគ្មានផ្លែ ត្រូវកាត់ទងនេះចោលឲ្យវែងបន្តិចដោយមិនបាច់ហូតចេញ ។ បើមិនព្យាយាមកាត់ទងចាស់ចោលទេ ឃ្លោកនឹងមិនផ្លែច្រើនឡើយ ។ ទងធំមួយដែលមានខ្នែង២ ទៅ៣ ហើយមានផ្លែតែ១ ត្រូវកាត់ ទង២ទៀតចោល ត្រង់ស្លឹក២ ឬ៣ ពីទងធំ ។ ទងខ្វាក់ក៏ត្រូវកាត់ចេញ (ទងដែលមិនលូតត្រួយកើតទៀត) ។
- បើល្អទ្រុបខ្លាំងតែផ្លែតិច ត្រូវយកផេះផ្ទី ៥ កំបក់លាយទឹក ១ ប៉ោតស្រោចរណ្ដៅ និងកាត់ទងចោលច្រើន ។ ការហូតផល
- យើងបាននិយាយខ្លះនៅក្នុងការជួយឲ្យជាប់ផ្លែហើយ ព្រោះដំណាំណាដែលផ្លែបន្ត ការបេះផ្លែធំចេញ នាំអោយមានការជាប់ក្ដិបថ្មី ជំនួស ។
- ពេលត្រូវការមួយកំណត់ ក៏អាចកាត់យកតែ១កំណាត់ស្លមុនបាន រីឯ១កំណាត់ទៀតទុកជាប់នៅដើមសិន ។
- បើឧស្សាហ៍កាត់ទងមិនបានការអោយចៀមស៊ី ព្រមទាំងឲ្យទឹក និងជីគ្រប់ឃ្លោកផ្លែបានយូរ ។
- បើទ្រើងឃ្លោកមាំហើយជាឈើជាប់យូរ និងជាទីដីទឹកមិនលិច យើងអាចដាំម្នាស់ពូជផ្លែធំខ្លះបាននៅពីខាងក្រោម ដោយលើក រងវាត្រឹមត្រូវ កុំដើរជាន់ជិតដើម ។ ម្នាស់ត្រូវការទីម្លប់ច្រើន ។
ឃ្លោកមិនរាប់ថាជាដំណាំចូលលុយធំទេ តែយើងដាំវាសំរាប់សេចក្ដីត្រូវការក្នុងមុខបន្លែ ៕