ភ្នំពេញ៖ តារាចម្រៀងរាមច្បងអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារជាថ្មីម្តងទៀតដោយបោះសម្តីក្នុងន័យផ្គើនទៅកាន់ កញ្ញា ដេននី ខ្វាន់ ឱ្យប្តឹងនាងដោយនាងមិនខ្លាចឡើយ។
លើហ្វេ សប៊ុករបស់នាងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ បានសរសេរថា “យើងអោយនាងប្តឹងតែយើងមិនសុំទោសនាងជាដាច់ខាត !!! នាងខុសនៅថ្លោសទៀត កុំស្រម៉ៃ !មួយម៉ាត់ ប្តឹង ពីរម៉ាត់ ប្តឹង ងាកប្តឹង ងាកប្តឹង គំរាមរហូតហ្មងនាងអស្ចារ្យ ! មានអី ប្តឹងទៅ នាងមានសិទ្ធិតើស កុំបាច់ទុកពេល កុំបាច់សម្តែងអាណិតយើងស្អី គួរអាណិតខ្លួននាងវិញចុះ ។ តែបើពួកនាងនិយាយតែពីរឿងប្តឹងមិនចង់សន្តិភាព យើងក៏តាមព្រោះយើងមានសិទ្ធិប្តឹងបានដូចគ្នា"។
មិន ត្រឹមតែប៉ុណ្ណោះ អ្នកនាងម៉េង កែវពេជ្ជតាបានសរសេរចោទប្រកាន់ ដេននី ក្វាន់ថាយកសម្លេងរបស់នាងទៅចុះផ្សាយក្នុងវេបសាយ POST NEWSជាសាធារណៈដោយខុសច្បាប់។នាងបាននិយាយថា "ការលួចយកសម្លេងសារផ្ទាល់ខ្លួនរបស់គេ ( Private inbox chatting ) ទៅចែកបង្ហោះដោយគ្មានការអនុញ្ញាតិពីម្ចាស់សម្លេង គឺជារឿងខុសច្បាប់។វាមិនមែនជាកិច្ចសម្ភាសន៍រវាងអ្នកសារព័ត៌មាន ជាមួយតារាទេ ។ យើងក៍មិនមែនជាអ្នកនយោបាយ ឬឧក្រិដ្ឋជនដែលចាំបាច់ត្រូវយកសម្លេងទៅស្តាប់ឬផ្សព្វផ្សាយជា សាធារណៈស្រេចតែចិត្តដែរ ។ មានហេតុទើបមានផល ។ មិនមែនឮសម្លេងតែប៉ុណ្ណោះហៅថាគ្រប់គ្រាន់ឡើយ ។ សារមិនមែនមានតែមួយ គឺនៅមានច្រើនទៀត"។
ម៉េង កែវពេជ្ជតា ដែលជាតារាចម្រៀងសំបូរជម្លោះជាច្រើនលើហ្វេសប៊ុកបានបញ្ជាក់ថា“ កុំភ្លេចថាអ្នកសរសេរព័ត៌មានគ្មានវិជ្ជាជីវៈដែលជាគ្រូធំរបស់នាង កំពុងធ្វើរឿងខុសបង្កើតចំណងកាន់តែច្រើនរហូតលែងហ៊ានចេញមុខហើយក៏ ខំងាកទៅទាញក្បាលនាងមកអោយគេសំពងជំនួសវិញចំណែកខ្លួនឯងគេចយ ករូចខ្លួន តែគេចយ៉ាងណាក៏មិនផុតដែរយើងនៅតែប្តឹងបានបើយើងចង់ ហើយប្តឹងច្រើនករណីទៀតផង ។ ក្របីអាចវង្វេងបឹង តែជុងមិនភ្លេចកុកទេ ។ កាន់តែរើកាន់តែតឹងដូចក្រពើរមិលគុណជាប់ចំណងតាបររទេះ ។ មែនហើយ ខ្ញុំមិនមែនជាអ្នកចេះដឹង ខ្ញុំក៏ចង់សួរទៅអ្នកច្បាប់ដែរថា ហេតុផលនាងចង់ប្តឹងខ្ញុំ និងហេតុផលខ្ញុំប្តឹងពួកនាង តើមួយណាមានស្ថានទំងន់ក្នុងផ្លូវច្បាប់ជាង ?
នាងបានសរសេរ បន្តថា"ហើយតើមានទោសកំរិតណាក្នុងការបំពានសិទ្ធិយកសម្លេងផ្ទាល់ ខ្លួនគេទៅផ្សព្វផ្សាយសាធារណៈដោយគ្មានការអនុញ្ញាតិ ? កាន់តែរើ កាន់តែតឹង ។ ជូនដល់ក្រុមស្វាស៊ីបាយ លាបមាត់ពពែ”។
សូម រំលឹកថា មហាជនជាច្រើនបានចាំថា កាលពីពាក់កណ្តាលខែឧសភា តារាចម្រៀង ម៉េង កែវពេជ្ជតាបានបង្ហោះសាររិះគន់ទៅកាន់តារាសម្តែងសិចស៊ី នាងដេនីក្វាន់រហូតធ្វើឲ្យដេនីក្វាន់ផ្ញើសារវាយបកយ៉ាងចាស់ដៃ ធ្វើឲ្យក្លាយជាជម្លោះដោយសារជាពាក្យសម្តីកាន់តែរីកធំរហូតមាន ការអន្តរាគមន៍ពីមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ជម្លោះពាក្យរវាងតារាពីររូបនេះ ត្រូវបានស្ងាត់មួយរយៈ ក្រោយពីកញ្ញា ដេននី ក្វាន់ បានសុំទោស ឈប់តបត និងឈប់និយាយពាក្យអសុរទៅកាន់ អ្នកនាង ម៉េង កែវពេជ្ជតា ប៉ុន្តែមិនទាន់បានប៉ុន្មានផងបែរជាមានការទម្លាយចេញសារសំលេងដែល តារារូបនេះនិយាយចោទប្រកាន់ ទៅកាន់ ដេននី ក្វាន់ ថាជាជនគំរាមកំហែងឬជនអនាមិកបង្កការភិតភ័តចំពោះរូបនាង៕
ចំណែកកញ្ញា ដេនី ក្វាន់ យោងតាមសារព័ត៌មានPost Newsក្រោយពីបានដឹងដំណឹងនិងបានស្តាប់សំលេងនេះរួចមក នាងក៏ប្រតិកម្មភ្លាមៗដោយបានប្រកាសថា"គាត់ហ៊ានចោទខ្ញុំយ៉ាងនេះ ខ្ញុំនឹងពិភាក្សាជាមួយបងប្អូនខ្ញុំ ព្រោះសម្ដីនេះ ប៉ះពាល់ធ្ងន់ណាស់ចំពោះខ្ញុំ និងគ្រួសារខ្ញុំគ្មានពេលទៅឈ្លោះជាមួយអ្នកណាដូចគាត់ទេ ចឹងរឿងនឹងអត់ចប់ទេ បើគាត់ហ៊ានចោទបែបហ្នឹង?" ៕