រាជធានីភ្នំពេញ ៖ តារាចម្រៀងនាងពេជ្រ សោភា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញបញ្ហាជំងឺរបស់នាង ដែលអាចវិវឌ្ឍន៍ខ្លួន ក្លាយជាមនុស្សរុក្ខជាតិបាន ។
តាមរយៈវីដេអូឃ្លីប ពេជ្រ សោភា បានអះអាងថា ក្រុមគ្រូពេទ្យតម្រូវឱ្យនាងប្រើពេល១ខែ ដើម្បីព្យាបាលជំងឺ ហើយបើរយៈពេលនោះ ស្ថានភាពជំងឺនៅតែមិនបានធូរស្រាលទេ នោះអាចក្លាយជាមនុស្សដែលមិនអាចកម្រើកបាន ប្រៀបដូចមនុស្សរុក្ខជាតិ ។
យ៉ាងណាក៏ដោយ ពេជ្រ សោភា បានបញ្ជាក់ថា រយៈពេល២ថ្ងៃចុងក្រោយនេះ ស្ថានភាពជំងឺរបស់នាងរៀងធូរស្បើយបន្តិចហើយ ខណៈដែលគ្រូពេទ្រ បានហាមឃាត់នាងមិនឱ្យគិតច្រើន ។
ពេជ្រ សោភា ក៏ថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបារម្ភពីនាង និងបានជូនពរនាងឱ្យឆាប់ជា ក្នុងស្ថានភាពដែលនាងកំពុងតែពុះពារឆ្លងកាត់ជំងឺ ដែលស្ទើតែគ្មានសង្ឃឹម ។ ពាក្យជូនពររបស់អ្នកទាំងអស់គ្នា គឺជាកម្លាំងចិត្តដែលជួយឱ្យនាងមានសង្ឃឹម ហើយនាងរំពឹងថា ស្ថានការនឹងល្អឡើងវិញ ដើម្បីផ្តល់ឱកាសឱ្យនាង បានធ្វើអ្វីល្អបន្តទៀត ។