ប៉ែន ចំ​រ៉ុង រក្សា​ជំហរ​លែង ភិន សុ​ដា​លី​ស​

09-July-2016 | ដោយ មែន កំសត់




​ភ្នំពេញៈ ក្នុងជំនួប​ចូល​បំភ្លឺ​លើក​ទី​២​នៅ​តុលាការ កាលពី​ថ្ងៃទី​៨ កក្កដា លោក​ប៉ែន ចំ​រ៉ុង ត្រូវបាន​មន្ត្រី​តុលាការ​បង្ហើប​ប្រាប់ថា លោក​មិន​ទទួលយក​លក្ខ​ណ្ឌ​សម្រុះសម្រួល​របស់​តុលាការ​នោះទេ គឺ​នៅតែ​រក្សា​ជំហរ​ប្ដឹង​លែងអោយ​បាន​ដាច់ខាត​។ ជាមួយ​ជំហរ​មិន​ខុសពី​អ្វីដែល​លោក​បានដាក់​នៅក្នុង​ពាក្យបណ្ដឹង​នេះ មន្ត្រី​តុលាការ​បាន​អះអាងថា និតិ​វិធី​បន្ត​ក្នុងការ​លែងលះ​របស់​គូស្នេហ៍​ទាំងពីរ​នៅតែ​ត្រូវ​បន្ត​។​

​មន្ត្រី​ដែល​បាន​បម្រើការ​នៅក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ខ្សឹប​ប្រាប់ថា លោក​ប៉ែន ចំ​រ៉ុង នៅតែ​លើក​ហេតុផល​មិន​ខុសពី​ការចូល​បំភ្លឺ​លើក​ទី​១ ថា​លោក និង​នាង​ភិន សុ​ដា​លី​ស មិនអាច​ផ្សះផ្សា​គ្នា​បាន ដោយ​លើកឡើងថា​គឺមាន​ចំណុច​ច្រើនយ៉ាង​ដែល​ការរួមរស់​មិនអាច​កើតឡើង​។ លោក​ថា តារា​សម្ដែង​ប៉ែន ចំ​រ៉ុង នៅតែ​ជំរុញអោយមាន​ការលែង​លះ និង​ថា​កិច្ចសម្រុះសម្រួល​មិនអាច​ធ្វើឡើង​បានទេ ដោយសារតែ​ភាពមិន​ចុះសម្រុង​នឹង​គ្នា​កន្លងមក​។​

​លោក ប៉ែន ចំ​រ៉ុង មិនអាច​សុំ​ការបំភ្លឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បានទេ ប៉ុន្តែ​យោងតាម​សម្ដី​របស់លោក​ប៉ែន រស់ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​បង្ហាញខ្លួន​នៅ​តុលាការ​នោះ​ថា ប្អូនប្រុស​របស់លោក​មិនអាច​ទទួលយក​ការសម្រុះសម្រួល​បានទេ ដោយសារតែ​លោក​ប៉ែន ចំ​រ៉ុង ត្រូវ​ការលែង​អោយដាច់​។ លោក​និយាយថា​យ៉ាងខ្លី​ថា​«​ចំ​រ៉ុង​នឹង​លែង គឺ​អត់​ទទួលយក​ការសម្រួល​ទេ​»​។​

​ជាមួយនឹង​ការបញ្ជាក់​ស្របគ្នា​ជាមួយ​មន្ត្រី​តុលាការ​នេះ គឺ​មានន័យថា​ស្នេហា​ប្ដី​ប្រពន្ធ លោក​ប៉ែន ចំ​រ៉ុង និង​នាង ភិន សុ​ដា​លី​ស នឹងត្រូវ​ប្រកាស​សាលក្រម​អោយ​លែងលះ​ក្នុងពេល​ខាងមុខ បន្ទាប់ពី​ដើមបណ្ដឹង​គឺ លោក​ប៉ែន ចំ​រ៉ុង ប្រកាន់​ជំហរ​ដាច់ខាត​តែ​ត្រូវតែ​លែង​។ គេ​មិនទាន់​ដឹងថា​និតិ​វិធី​តុលាការ​នឹង​ប្រកាស​សាលក្រម​អោយ​អ្នក​ទាំងពីរ​ដាច់ស្រេច​គ្នា​ទាំងស្រុង​នៅពេលណា​នោះទេ ក្រៅតែពី​មានការ​ទម្លាយ​ថា ចំណាត់​ការលែង​គ្នា​នឹងត្រូវ​កើតឡើង​ឆាប់ៗ​។ មានការ​ប៉ាន់​ស្មានថា​កូន​ក្នុង​ផ្ទៃ​នឹងត្រូវ​កាត់​ទៅអោយ​ខាង​ម្ដាយ​ដោយ​ស្វ័យប្រវត្តិ តែ​គេ​មិនទាន់​ដឹងថា​ភាគី​លោក​ប៉ែន ចំ​រ៉ុង នឹង​បង់​អាហារកិច្ច​ក្នុងនាម​ជា​ឪពុក​ក្នុង​កម្រិតណា​នោះទេ​។ យ៉ាងណាមិញ អ្នក​មេម៉ាយ​ភិន សុ​ដា​លី​ស  បានប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​កថា​នាង​នឹង​ចិញ្ចឹម​បីបាច់​កូន​ក្នុង​ផ្ទៃ​របស់ខ្លួន​ក្រោយពេល​មើលឃើញ​ពន្លឺ​ថ្ងៃ ដោយ​មិនត្រូវ​ការ​ការ​រូ​ម​ចំណែក​ចំណែក​ពី​លោក​ប៉ែន ចំ​រ៉ុង នោះឡើយ​៕

ចំនួនអ្នកទស្សនា

    19584127

  • ថ្ងៃនេះ351
  • ម្សិលមិញ4091
  • សប្តាហ៍នេះ351
  • ខែនេះ20421
  • ឆ្នាំនេះ356681
  • សរុប19584127