ភ្នំពេញ៖ លោក អ៊ិន សុភិន ដែលជាឪពុករបស់អ្នកនាង ភិន សុដាលីស កំពុងតែពពោះកូនស្រី៧ខែនោះបង្ហាញមុខនៅចំពោះអ្នកកាសែតដោយលោកបាន និយាយថាលោកសប្បាយចិត្តគ្មានការខកចិត្តចំពោះសាលក្រមលែងលះគ្នារបស់ លោក ប៉ែន ចំរុង ជាមួយកូនស្រីខ្លួនឡើយ។
នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ពាក្យប្តឹងសុំលែងលះគ្នារបស់លោក ប៉ែន ចំរុងសុំដាច់ចំណងផ្លូវច្បាប់ជាប្តីប្រពន្ធជាមួយអ្នកនាង ភិន សុដាលីស នឹងត្រូវប្រកាសសាលក្រមជាផ្លូវការក្រោយសម្របសម្រួលបានបីលើករួច ហើយ។ នេះជាសំដីរបស់លោក អ៊ិន សុភិន បកស្រាយជួសកូនស្រី។
និយាយសើចនិងបង្ហាញមុខមិនព្រួយបារម្ភនោះ លោក អ៊ិន សុភិន បានប្រាប់រស្មីកម្ពុជា និងក្នុងចំណោមមនុស្សជាច្រើនថា “គ្មានជាបញ្ហាអ្វីទេ គាត់នៅជុំជាមួយគ្រួសារធម្មតាហើយ។ គាត់ចូលធ្វើការងារនៅផលិតកម្មមហាហង្សធម្មតា។រឿងព័ត៌មានលំអិត ចាំទុកឱ្យគាត់និយាយ។ ប៉ុន្តែខ្ញុំអាចនិយាយបានខ្លះៗ ពីព្រោះជារឿងឯកជនរបស់គាត់។គាត់បានចូលផ្ទះប្រហែលបានជាង២ខែ មកហើយ។ លុះត្រាតែសាលក្រមរបស់តុលាការចេញមកអាចលែងលះគ្នាដាច់តែម្តងទើប គាត់ព្រមនិយាយបកស្រាយចំពោះបញ្ហារបស់គាត់ និង ប៉ែន ចំរុង”។
ឪពុកតារារូបនេះបានបញ្ជាក់ថា មូលហេតុដែលលោកនៅតែទទួលកូនស្រីវិល ពីព្រោះតែលោកជាឪពុក ហើយភិន សុដាលីស ជាកូនស្រីរបស់លោកដែលមិនអាចកាត់ផ្តាច់បានឡើយ។លោកមិនដែលបោះបង់ កូនណាមួយចោលឡើយហើយការខឹងសម្បារក៏លោកដែលចង់សឹងនឹងហ៊ានខឹង កូនស្រីរបស់លោកដែរ។
បញ្ហារបស់កូនស្រីរបស់លោកនេះកើតឡើង ចេញពីភាពយុវវ័យរបស់នាងក្នុងរយៈពេលមួយខ្លីដូចភ្លើងឆេះចំប៉ើង ដែលថ្ងៃណាមួយសម្រាប់រូបគាត់(ភិន សុដាលីស)នឹងដឹងច្បាស់។
លោក អ៊ិន សុភិន បានបង្ហើបថា រឿងរ៉ាវមិនចុះសម្រុងគ្នារវាងគ្រួសារលោកនិងគ្រួសាររបស់លោក ប៉ែន ចំរុងព្រមទាំងស្នេហារបស់កូនស្រី ត្រូវបានលោកប៉ាន់ស្មានថា នឹងមានរឿងអាក្រក់ៗកើតឡើងជាបន្តបន្ទាប់។ រូបលោកខំប្រឹងទប់ស្កាត់ និង ការពារ ផងដែរ ប៉ុន្តែនៅតែមិនអាចធ្វើបានឡើយ។ លោកក៏ខំប្រឹងអស់ពីសមត្ថភាពទោះបីជាលោកបានគិតជាមុនហើយកូនស្រីរបស់ លោក នឹងត្រូវលោក ប៉ែន ចំរុង ចាកចេញពីនាង។
សូមបញ្ជាក់ថា អ្នកនាង ភិន សុដាលីស ពេលនេះកំពុងតែពពោះកូនស្រីបានរយៈ៧ខែ ដោយតែងតែតាមដានសុខភាពកូនស្រីរបស់នាងជាប្រចាំដោយគ្មានវត្តមាន ស្វាមីនិងឪពុកទៅមន្ទីរពេទ្យឡើយ។ កូនស្រីកំសត់ដែលនៅពោះ ភិន សុដាលីសនឹងអាចសម្រាលនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះដោយគ្រូពេទ្យបញ្ជាក់ដល់ក្រុមគ្រួសាររួចហើយដើម្បីត្រៀម ទទួលចៅស្រីជាសមាជិកថ្មីក្នុងគ្រួសារត្រកូល ភិន ខណៈម្ចាស់ផលិតកម្មមហាហង្សលោក អ៊ិន សុភិនសប្បាយចិត្តដែលទទួលបានចៅស្រីម្នាក់ដែលជាដំណក់ឈាមរបស់តារា សម្តែងប្រុសដ៏ល្បីប្រចាំកម្ពុជា៕