ក្តៅៗ៖ ឱក សុគន្ធកញ្ញា បើករថយន្តប៉ះ កន្លែងលក់ធុរេននៅកំពត តែធ្វើរឿងដែលគ្រប់គ្នានឹកស្មានពុំដល់

22-July-2016 | ដោយ មែន កំសត់

 

ដោយសារតែគុណធម៌ និងការទទួលខុសត្រូវ ធ្វើឱ្យអ្នកលក់ទុរេននៅទីរួមខេត្តកំពតម្នាក់ បែរនិយាយពោលសរសើរ ឱក សុគន្ធកញ្ញា មិនដាច់ពីមាត់ទៅវិញ បើទោះបីជាតារាចម្រៀងរូបនេះបានជិះរថយន្តជ្រុលទៅប៉ះនឹងតូបរបស់ខ្លួនខូចខាតខ្លះក៏ពិតមែន។

អាជីវករដដែលបាននិយាយមកកាន់វិទ្យុមហាជនអេហ្វអឹម ៩៥.៣០ ព្រឹកមិញដោយរំឭកថា កាលថ្ងៃអាទិត្យកន្លងទៅនេះ រថយន្តរបស់តារាចម្រៀងខាងលើបានបើកជ្រុលទៅកៀរតូបលក់ទុរេនរបស់ខ្លួន ធ្វើឱ្យខូចខាតតិចតួច។ ប៉ុន្តែប្រភពបានបន្ថែមថា រឿងដែលមិនអាចមើលរំលងនោះ គឺការទទួលខុសត្រូវរបស់តារាចម្រៀងរូបនេះតែម្ដង។

អាជីវកររូបនេះថ្លែងថា៖ពេលហ្នឹងខ្ញុំអត់នៅចាំតូបទេ ទៅក្រោយឯណោះ ពេលចេញមកខាងមុខវិញ ស្រាប់តែឃើញឡានរបស់ សុគន្ធកញ្ញា ចតនៅហ្នឹងអត់ទៅណាទេ។ គាត់នៅចាំលើកដៃសុំទោសខ្ញុំ និងជូនលុយ ៥០ ដុល្លារទៀតផង មិនងាយរកមនុស្សអញ្ចឹងណាស់ប្អូន”

ស្រី្តវ័យ ៣៥ ឆ្នាំខាងលើបន្ថែមទៀតថា កន្លងមកតូបលក់ទុរេនរបស់ខ្លួនធ្លាប់មានអ្នកជិះប៉ះពៀរដូច្នេះដែរ ប៉ុន្តែពួកគេម្នាក់ព្យាយាមបើករត់គេចមិនទទួលខុសត្រូវ ឬផ្ដល់សំណងអ្វីនោះទេ។ ដោយឡែកចំពោះតារាចម្រៀង ឱក សុគន្ធកញ្ញា ឯណេះវិញ ក្រៅពីមិនយករួចខ្លួនហើយ ថែមទាំងចំណាយពេលមួយសន្ទុះរង់ចាំម្ចាស់តូបត្រឡប់មកវិញ ដើម្បីលើកដៃសុំទោស និងផ្ដល់សំណងលុយកាក់ទៀតផង។

ទោះបីជាយ៉ាងណា មិនអាចសុំការអធិប្បាយផ្ទាល់ពីតារាចម្រៀង ឱក សុគន្ធកញ្ញា បានទេជុំវិញរឿងរ៉ាវនេះ ព្រោះម្ដាយរបស់នាងជាអ្នកទទួលជំនួសដោយប្រាប់ថា កូនស្រីកំពុងថត។ ម្ដាយរូបនេះអះអាងថា កូនស្រីរបស់អ្នកស្រីមិនបានប្រាប់ពីរឿងនេះទេ។ អ្នកស្រីថា៖”កូនហ្នឹងគាត់អត់ទាន់ប្រាប់ខ្ញុំផង ចាំមើលបើកូនខ្ញុំប្រាប់ ចាំទូរសព្ទទៅប្អូនវិញ”៕

 

ចំនួនអ្នកទស្សនា

    19583607

  • ថ្ងៃនេះ3931
  • ម្សិលមិញ5241
  • សប្តាហ៍នេះ26781
  • ខែនេះ19901
  • ឆ្នាំនេះ356161
  • សរុប19583607