រាជធានីភ្នំពេញ ៖ រយៈពេលជាងមួយខែហើយដែលនាងភិន សុដាលីស វិលទៅរស់នៅជួបជុំក្រុមគ្រួសារវិញក្រោយពេលលោកប៉ែន ចំរ៉ុង ជាប្តីឥតខាន់ស្លាប្តឹងលែងលះ ។ ស្ថិតក្រោមការលើកទឹកចិត្តពីក្រុមគ្រួសារដាលីស ទទួលបានការងារ ជានាយកប្រតិបត្តិរបស់ផលិតកម្មមហាហង្សរបស់ឪពុកនាង ។
លោកអ៊ិន សុភិន ដែលជាឪពុករបស់ភិន សុដាលីស ធ្លាប់និយាយថា លោកនឹងទទួលកូនស្រីប្រសិនបើនាងវិលរកគ្រួសារវិញក្រោយពីបណ្តឹង លែងលះដល់តុលាការជាងពីរខែមកហើយនោះ ។ រហូតមកដល់ពេលនេះភិន សុដាលីស មានផ្ទៃពោះ៧ខែហើយ ។ កូនក្នុងផ្ទៃរបស់ដាលីសគឺជាកូនស្រី ។ នេះបើតាមការបញ្ជាក់របស់លោកអ៊ិនសុភិន។
ក្រោយពេលវិលចូលផ្ទះវិញលោកអ៊ិន សុភិន និងក្រុមគ្រួសារយកចិត្តទុកដាក់លើកទឹកចិត្តកូនស្រីដែលកំពុងជួប វិបត្តិផ្លូវចិត្ត និងមានផ្ទៃពោះ ។ លោកអិុន សុភិន ផ្តល់តួនាទីជានាយកប្រតិបត្តិដល់កូនស្រី ដោយរំពឹងថានាងនឹងមានការងារច្បាស់លាស់ អាចបន្លប់ទុក្ខព្រួយ និងមានប្រភពចំណូលមួយសមរម្យ ។ លើសពីនេះនាងភិន សុដាលីស នឹងចូលរួមសម្តែងដូចមុនវិញបន្ទាប់សម្រាលកូនរឹងដៃរឹងជើង ។ នាងដាលីស ធ្លាប់ធ្វើការងារនេះមុនពេលចាកចេញពីគ្រួសារ ដូចនេះលោកអិុន សុភិន មិនព្រួយបារម្ភថានាងមិនអាចបំពេញបានទេ ខណៈនាងក៏យល់ច្រើនពីការងារសិល្បៈ ។
អ្នកនាងភិន សុដាលីស នឹងសម្រាលកូនក្នុងអំឡុងខែកញ្ញា ២០១៦ ហើយលោកបើកសិទ្ធិឲ្យកូនស្រីជ្រើសរើសផ្លូវដើរបន្តដែលសូម្បីតែ មន្ទីរពេទ្យសម្រាប់សម្រាលកូនក៏លោកឲ្យនាងជ្រើសរើសដែរ ។ «ខ្ញុំមិនប្រកាន់កូនទេ យើងជាម្តាយឪពុកមិនចោលឡើយបើទោះដឹងថាខុសគឺយើងត្រូវតែចេះជួយ គាត់ ធ្វើម៉េចបើជ្រុលមួយគ្រាដែលនាងផ្ទាល់ក៏ពិបាកយកដែរ» ។ លោកអ៊ិន សុភិន និយាយបែបនេះ ។
សាលក្រមតុលាការនរឿងក្តីលែងលះលោកអិុន សុភិន ឱ្យដឹងថានឹងចេញនៅថ្ងៃទី២០ខែកក្កដា ២០១៦ ក្រោយពីការសម្របសម្រួលបីលើកតាមនីតិវិធីរបស់តុលាការ ។ លោកសុភិនជឿជាក់ថាកូនស្រីលោកនឹងមានសិទ្ធិគ្រប់គ្រាន់ក្នុងការ ទទួលកូនស្រីយកទៅចិញ្ចឹម ហើយលោកទទួលស្គាល់ និងរឹតតែអាណិតចៅថែមទៀត។ លោកអ៊ិន សុភិន និងក្រុមគ្រួសារបើកសិទ្ធិឲ្យដាលីស ធ្វើសន្និសីទកាសែតបញ្ជាក់ជាថ្មី ឬមិនធ្វើអាស្រ័យលើនាងក្រោយចេញសាលក្រម ឬក្រោយពេលសម្រាលកូនស្រីរួចហើយ ។
នាងភិន សុដាលីស បានចាកចេញពីផ្ទះទៅរស់នៅជាមួយតារាសម្តែងប៉ែន ចំរ៉ុង ខណៈមានការជំទាស់ពីឪពុក ។ ក្នុងអំឡុងខែមេសាឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅភិន សុដាលីស និងលោកប៉ែន ចំរ៉ុង ឲ្យចូលខ្លួនជុំវិញបណ្តឹងលែងលះរបស់ប៉ែន ចំរ៉ុង ក្រោមហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នា។ បណ្តឹងលែងលះនោះក្រោយពួកគេរួមរស់ជាមួយគ្នាក្រោមដំបូលតែមួយមិន បានមួយឆ្នាំផងនោះ៕