រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលកីឡាករប្រដាល់ល្បីឈ្មោះ និងជាតារាសម្ដែងក្នុងរឿង «បេះដូងអ្នកប្រដាល់» លោកជៀស ស្រួច បានបង្ហាញខ្លួនជាថ្មីម្តងទៀតក្នុងសភាពកម្សត់គួរឱ្យអាណិត ហើយលោកក៏បានទម្លាយរឿងរ៉ាវរបស់ខ្លួនជាមួយអតីតភរិយាដែលជាតារា ស្រីម្នាក់កំពុងមានឈ្មោះបោះសំឡេង ធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង ។
រឿងរ៉ាវដ៏កំសត់របស់កីឡាករ ជៀស ស្រួច បានជំរុញឱ្យតារាប្រុស-ស្រី និងមហាជន មានការអាណិតអាសូរ និងរួមគ្នាអំពាវនាវរកជំនួយសប្បុរសធម៌ណាមួយ ដើម្បីជួយលោកដែលកំពុងមានទុក្ខ ។
លោក ជៀស ស្រួច បានបាត់មុខ ដោយយកការបណ្ដែតខ្សែជីវិតនៅតាមជាយដែន រហូតធ្លាក់ខ្លួនជាកម្មករសំណង់ និងអូសរទេះ បន្ទាប់ពីអតីតភរិយារបស់លោកធ្វើឱ្យលោកអាប់ឱនកិត្តិយស បាត់បង់មុខមាត់ ព្រោះតែរឿងផិតក្បត់ ។ លោកបានទម្លាយថា ដោយសារខូចចិត្តនឹងអតីតភរិយារត់ចោល ហើយទៅស្រវាយកប្រុសអ្នកមាន ទើបបណ្ដាលឱ្យលោកខូចចិត្ត រហូតសេងហាងសាច់គោអាំងចោល និងប្រើជីវិតគេចចេញពីបញ្ហាដើម្បីបញ្ចប់ភាពអាម៉ាស់ ។
ក្នុងពេលទម្លាយឱ្យដឹងពីរឿងផិតក្បត់នោះ អ្នកណាក៏មានការភ្ញាក់ផ្អើលដែរ ដោយសារតែលោកបញ្ជាក់ថា នារីជាអតីតភរិយានោះក្រោយពីបានសម្រេចចិត្តចាកចេញពីជីវិតលោកក៏ បានក្លាយជាតារាសិល្បៈ ហើយកំពុងតែល្បីឈ្មោះនៅក្នុងពិភពសម្ដែងទៀតផង ។ បើទោះជាមានការជជីកសួរម្ដងហើយម្ដងទៀតក៏ដោយ ក៏លោកនៅតែប្រកែកមិនព្រមប្រាប់ឱ្យដឹងពីឈ្មោះអតីតភរិយារបស់លោក ដែរ ដោយសារតែពេលនេះនាងមានអ្នកមានស្រឡាញ់ពេញចិត្ត ហើយជានារីឡូយឆាយ ដែលអាចនឹងឱ្យលោកក្ដៅក្រហាយប្រសិនបើលោកទម្លាយពីឈ្មោះចេញពីមាត់ របស់លោក ។ ម្នាក់ៗបានត្រឹមតែចោទសួរថា អតីតភរិយានោះជាអ្នកណាប៉ុណ្ណោះ ក្នុងពេលដែលលោក និងមនុស្សពាក់ព័ន្ធរបស់លោកបដិសេធមិនព្រមប្រាប់ការពិត ។
យ៉ាងណាក៏ដោយរឿងរ៉ាវអាថ៌កំបាំងមិនមានទៀតទេ ដោយសារតែមាន Page ហ្វេសប៊ុកមួយបានទម្លាយឱ្យដឹងធ្វើឱ្យមានការភ្ញាក់ផ្អើលថា អតីតភរិយាលោក ជៀស ស្រួច គឺនាង សាត រស្មី ដែលជាតារាសម្ដែងកំពុងឡើងកូដនៅក្នុងពិភពសិល្បៈ ។
លោក ជៀស ស្រួច បានអះអាងថា លោកស្រឡាញ់ពេញចិត្តអតីតភរិយាលោកដោយសារតែឃើញនាងវ័យក្មេង ឆ្លាត និងមានចិត្តស្មោះក្នុងពេលលោកស្គាល់ ។ លោក និងនាងបានរៀបការជាមួយគ្នាចំនួន២លើក គឺមួយលើកនៅខេត្តបន្ទាយមានជ័យ និងមួយលើកទៀតនៅរាជធានីភ្នំពេញ តាមរយៈការរៀបចំពិធីកាត់ចំណងដៃ ប៉ុន្តែមិនសូវធំដុំទេ ទើបមិនមានអ្នកស្គាល់នាងច្រើន ។ បន្តបន្ទាប់មក ដោយសារតែលោកគឺជាតារាសម្ដែងដែលលេចធ្លោនៅក្នុងជំនាន់នោះ នាងក៏បានស្គាល់អ្នកមានឥទ្ធិពលនៅក្នុងពិភពសិល្បៈ ហើយក្រោយមកដោយសារតែប្រាក់៣០០ដុល្លារ នាងអតីតភរិយាលោកក៏សុខចិត្តចុះចោលលោក និងសុំលែងលះធ្វើឱ្យលោកអាម៉ាស់មុខ ។ ក្រោយការលែងលះលោកនាងបានក្លាយខ្លួនជាតារាសម្ដែង ហើយដោយសារតែភាពចំអកឡកឡឺយ និងមិនអាចស៊ូទ្រាំនឹងភាពអាម៉ាស់បាន ទើបលោកសុខចិត្តបោះបង់ការងារ និងឱកាសនៅភ្នំពេញចោលទាំងអស់ ហើយទៅផ្សងព្រេងនៅតាមព្រំដែន ។ ដោយសារលោកអស់ជម្រើស ទើបសម្រេចចិត្តលាតត្រដាងពីជីវិតធ្លាក់ខ្លួនជាសាធារណៈរបស់ខ្លួនដោយ លែងខ្មាសអៀន ។
លោក ជៀស ស្រួច ថា ជីវិតរបស់លោកក្រោយពីអតីតភរិយាផិតក្បត់មិនមានសល់អ្វីទៀតទេ ដោយសារតែក្នុងពេលនោះលោកបានដាក់ចិត្តស្រឡាញ់នាងខ្លាំង ហើយមិននឹកស្មានថា ភរិយាដែលលោករៀបការពេញច្បាប់នៅក្នុងពេលនោះរស់នៅជាមួយលោកបានតែ ៦ខែ ក៏រកទ្រនំថ្មីដោយសារតែហេតុផលចង់បានភាពល្បី និងឱកាសរកប្រាក់ ។
ជាមួយនឹងការទម្លាយនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង ដោយសារតែនាង សាត រស្មី គឺជាតារាល្បីឈ្មោះដែលបានប្រកាសខ្លួនថា មិនធ្លាប់មានប្ដី និងមិនធ្លាប់ពាក់ព័ន្ធអ្នកណានាពេលកន្លងមក ។ នាងរមែងថា ខ្លួនគ្រាន់តែមានព័ត៌មានថា មានឧកញ៉ានេះពាក់ព័ន្ធ អ្នកមាននោះពាក់ព័ន្ធប៉ុណ្ណោះ ប៉ុន្តែសម្រាប់បេះដូងរបស់នាងគឺមិនមានបុរសណាឡើយ ហើយក៏មិនទាន់គិតគូររឿងគូជីវិតដែរ ។ ការលាតត្រដាងរបស់ជៀស ស្រួច ធ្វើឱ្យនាងសាត រស្មី ដែលធ្លាប់ទទួលបានការសរសើរថាជាតារាទំនេរបេះដូង និងជានារីស្អាតស្អំក្នុងរឿងស្នេហារងការរិះគន់ផងដែរ ។ ជាពិសេសនៅពេលដែលមានការទម្លាយថា នាងហ៊ានដល់ថ្នាក់បោះបង់ស្វាមីកម្សត់កម្រនៅពេលមានឱកាសរកបានបុរស មានទ្រព្យ និងអាចជួយឱ្យនាងបានល្បីនៅក្នុងពិភពសិល្បៈនោះ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ អ្នកនាង សាត រស្មី បានឆ្លើយតបក្នុងបទសម្ភាសមួយជាមួយអ្នកសារព័ត៌មានថា រឿងរ៉ាវបែកបាក់នេះកើតឡើងដោយសារតែអតីតស្វាមីនាង គឺលោក ជៀស ស្រួច ក្រោយពីរៀបការជាមួយនាងរួចបានប្រែប្រួលចរិតដើមអស់ មិនគិតខំប្រឹងធ្វើការងាររកប្រាក់ជួយគ្រួសារទេ គិតតែពីដើរបាត់ៗ និងលេងល្បែងទៀតផង ពេលមកដល់ផ្ទះវិញរករឿងវាយដំនាងទៀត ។ ដោយសារមិនអាចស៊ូទ្រាំបាន នាងក៏បានដាក់ពាក្យបណ្ដឹងសុំលែងលះតាមច្បាប់ ហើយតុលាការបានចេញដីកាកោះហៅចំនួន៣ដង ប៉ុន្តែអតីតស្វាមីនាងមិនព្រមចូលខ្លួនទើបតុលាការចេញដីកាសម្រេច ឱ្យលែងលះគ្នាតែម្ដង ៕