រាជធានីភ្នំពេញ ៖ តារាសម្តែងលោក ប៉ែន ចំរ៉ុង បានអះអាងថា លោកស្រឡាញ់កូននៅក្នុងផ្ទៃរបស់ភិន សុដាលីស និងសុំនាងកុំផ្តាច់មនោសញ្ចេតនារវាងឪពុក និងកូន ។
ការអះអាងរបស់តារាសម្តែងលោកប៉ែន ចំរុង ក្រោយពេលសាលក្រមចេញជាផ្លូវការអំពីការលែងលះរបស់លោក និងអតីតភរិយានាងភិន សុដាលីស ក្នុងនោះតុលាការកាត់សេចក្តីឲ្យភិន សុដាលីស បានសិទ្ធិបីបាច់ចិញ្ចឹមកូន ។
បន្ទាប់ពីសាលក្រមចេញហើយនោះភិន សុដាលីស អះអាងជាសាធារណៈថា នាងនឹងមិនឲ្យប៉ែន ចំរុង ឃើញមុខកូនរបស់នាងឡើយ ហើយថានាងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបីបាច់ថែរក្សាកូន ដោយបដិសេធមិនទទួលយកការផ្គត់ផ្គង់អាហារកិច្ចពីប៉ែន ចំរ៉ុង ។
បើទោះជាមានការកំណត់បែបនេះពីភិន សុដាលីស ក៏ដោយ លោកប៉ែន ចំរ៉ុង នៅតែបញ្ជាក់ថា លោកស្រឡាញ់តំណក់ឈាមដំបូងរបស់លោក ហើយលោកនឹងអាចធ្វើ អ្វីៗដែលអាចធ្វើបានសម្រាប់ផ្តល់អាហារកិច្ចដល់កូនរបស់លោក ។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេល ថ្មីៗកន្លងមក លោកប៉ែន ចំរ៉ុង អះអាងថា ទឹកចិត្តស្រឡាញ់កូនរបស់លោក គឺលោកមិនចង់ឲ្យកូនរបស់លោកកើតមកអត់ម្តាយ និងឪពុកឡើយ ប៉ុន្តែធ្វើម៉េចបើនិស្ស័យរវាងលោក និងអតីតភរិយាមានតែប៉ុណ្ណឹង ។ មនោសញ្ចេតនាជាប្តីប្រពន្ធបញ្ចប់មែន ប៉ុន្តែមនោសញ្ចេតនារវាងលោក និងកូនមិនបញ្ចប់ឡើយ ។ លោកទាមទារចង់ឲ្យមានការជួបគ្នារវាងលោកនិងកូន ហើយលោកសោកស្តាយនៅពេលរឿងហេតុកើតឡើងទៅជាបែបនេះ ។
បើតាមលោកប៉ែន ចំរ៉ុង ថា តុលាការបានកំណត់ឲ្យលោកយកចំណែកមួយក្នុងចំណូលដែលលោករកបានប្រគល់ឲ្យភិន សុដាលីស ដើម្បីជាអាហារកិច្ចសម្រាប់កូន ហើយភិន សុដាលីស ក៏សំណូមពរដូច្នេះដែរ ។ ចំណែកឯរថយន្តដែលបានមកលើរូបលោកនោះគឺលោកនឹងអាចបែងចែកផងដែរ ប្រសិនបើមានការទាមទារពីភិន សុដាលីស ព្រោះនេះជាបំណងរបស់លោកដែរក្នុងការទំនុកបម្រុងកូន បើទោះបីជារថយន្តមួយនេះចូលរួមទិញដោយបង់រំលស់ពីរូបលោក ព្រមទាំងភិន សុដាលីស និងក្រុមគ្រួសារលោកក៏ដោយ ។
តារាសម្តែងលោកប៉ែន ចំរ៉ុង នៅតែមិនអះអាងពីមូលហេតុនៅពីក្រោយនៃការបែកបាក់ជាមួយ ភិន សុដាលីសទេ ។
ទាក់ទងទៅនឹងការអះអាងរបស់លោក ប៉ែន ចំរ៉ុង នេះ អតីតភរិយារបស់លោកនាងភិន សុដាលីស បានបញ្ចេញសារ ភ្លាមៗនៅក្នុងហ្វេសប៊ុករបស់នាងថា នាងឈប់ខ្វល់អ្វីទាំងអស់ តែបើមានការថ្លោះធ្លោយទុកឲ្យតុលាការជាអ្នកដោះស្រាយ ។
ភិន សុដាលីស បញ្ជាក់ថា «ចាប់ពីពេលនេះទៅឈប់តបតហើយ ហត់ណាស់ អ្នកណាល្អអ្នកណាអាក្រក់មនុស្សនឹងបានឃើញ អ្នកណាត្រូវអ្នកណាខុស មនុស្សគង់តែដឹង មិនចាំបាច់វែកញែកប្រាប់គេថាខ្លួនល្អ ខ្ញុំក៏មិនដែលអះអាងថាខ្លួនអស្ចារ្យ គ្រាន់តែថាខ្ញុំធ្វើអី ខ្ញុំដឹងខ្លួនឯង ខ្ញុំទទួលខុសត្រូវលើអ្វីដែលខ្ញុំបានធ្វើ ។
សួរថា រឿងរ៉ាវទាំងអស់ នរណាជាអ្នកចាប់ផ្តើម ? អ្នកណាជាអ្នកហែកហួរពីមនុស្សដែលអ្នកអះអាងថាស្រឡាញ់ អះអាងថានឹងធ្វើឱ្យសើចច្រើនជាងយំ មនុស្សដែលបានលះបង់គ្រប់យ៉ាង មានខ្លួនតែមួយទៅនៅជាមួយអ្នក មនុស្សដែលពពោះកូនរបស់អ្នក តែត្រូវបានអ្នកដៀលគ្នាថាមិនគ្រប់សតិទាំងនៅក្នុងពោះ ថែមទាំងដេញឱ្យទៅយកចេញច្រើនដង ប្រាប់ទៅគេឯង រួមទាំងប្រាប់ទៅតុលាការពីមុន ? សួរមើលហួសចិត្តអត់ ? ប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ » ៕