ពេលខ្លះស្នេហាពិត និងស្នេហាងប់ងុលបានធ្វើឱ្យមនុស្សជាច្រើនយល់ច្រឡំ ហើយពេលខ្លះទៀតវាបានធ្វើឱ្យអ្នកវង្វេងចិត្តលែងយល់ថាអ្វីទៅជាស្នេហាពិត។ប៉ុន្តែភាពខុសគ្នារវាងស្នេហ៍ងប់ងុលស្រឡាញ់បាត់មុខមិនបាន និងស្នេហ៍ពិតគឺស្តែងចេញយ៉ាងច្បាស់ដូចថ្ងៃ។
ការស្រឡាញ់ងប់ងុលគឺមនុស្សពីរនាក់ត្រូវការគ្នាបាត់មុខមិនបាន ទាល់តែនៅក្បែរគេទើបមានក្តីសុខ ហើយមានអារម្មណ៍ថាមិនអាចរស់បានបើគ្មានម្នាក់នោះ។ ថែមទាំងគិតថាគេគឺជាដើមហេតុដែលធ្វើឱ្យមានកម្លាំងចិត្តរស់នៅលើលោកនេះតទៅទៀត។ ហើយអ្នកមានអារម្មណ៍ថាខ្វះអ្វីមួយប្រសិនបើគ្មានគេនៅក្បែរ។
ប៉ុន្តែស្នេហាពិតគឺអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយមិនដឹងខ្លួន និងចំណាយពេលយូរទើបយល់ចិត្តគ្នា។ ទោះបីជាមិននៅក្បែរគ្នាក៏មិនមានអារម្មណ៍មួហ្មង ហើយចេះទុកឱកាសឱ្យគ្នាមានពេលវេលាផ្ទាល់ខ្លួន។ គិតគូរពីប្រយោជន៍គ្នាទៅវិញទៅមក ទោះបីជាត្រូវលះបង់ ឬមិនបាននៅជាមួយគ្នាក៏ដោយ។
ស្នេហាងប់ងុលគឺតោងស្អិតជាប់ជាមួយអ្នកជានិច្ច
អ្នកអាចគិតពីគេ ២៤ម៉ោងក្នុងមួយថ្ងៃ ដែលជាហេតុធ្វើឱ្យទំនាក់ទំនងមិត្តភាពរបស់អ្នកជាមួយអ្នកឯទៀតកាន់តែឆ្ងាយទៅៗ ហើយមានតែគេម្នាក់ទេដែលសំខាន់សម្រាប់អ្នកបំផុត អ្នកនឹងមិនអាចរស់បានដោយគ្មានគេ។ អ្នកតែងតែភ័យខ្លាចថាគេនឹងទៅចោលអ្នក ហើយខ្លាចអនាគតនឹងត្រូវរស់នៅដោយគ្មានគេ។
ស្នេហាពិតគេព្រមទទួលយកគ្រប់យ៉ាង
អ្នកអាចធ្វើខ្លួនឯងរីករាយក្នុងទំនាក់ទំនងដោយមិនត្រូវលាក់បាំងចរិតពិត។ នៅពេលដែលនៅម្នាក់ឯងអ្នកក៏អាចរីករាយបាន មានជីវិតផ្ទាល់ខ្លួន។ អ្នកមិនខ្លាចក្នុងការប្រឈមមុខជាមួយនឹងអនាគត រស់នៅជាមួយគេ ព្រោះអ្នកមានភាពជឿជាក់លើស្នេហានេះ អ្នកជឿជាក់លើខ្លួនឯងនិងមនុស្សដែលអ្នកស្រឡាញ់។
ចំពោះស្នេហាងប់ងុលវិញនឹងមិនអាចមើលឃើញកំហុសរបស់មនុស្សម្នាក់ទៀតទេ អ្វីៗគឺល្អគ្រប់យ៉ាងក្នុងពេលដែលអ្នកកំពុងងប់ជាមួយគេ ទោះជាគេធ្វើឱ្យអ្នកឈឺចាប់ក៏អ្នកមើលឃើញថាគេល្អដែរ ពោលគឺស្នេហាដែលធ្វើឱ្យមនុស្សខ្វាក់ភ្នែក។
ស្នេហាពិតគឺមានការប្រកែកគ្នាខ្លះៗក្នុងជីវិតគឺជារឿងធម្មតា អ្នកទាំងពីរមើលឃើញអំពីកំហុស និងភាពខ្វះខាតរបស់គ្នាទៅវិញទៅមក ប៉ុន្តែក៏ព្រមទទួលយក ស្រឡាញ់ដោយមិនព្យាយាមកែប្រែសារធាតុពិតរបស់មនុស្សម្នាក់នោះ។ នៅពេលដែលមានចំណុចណាមួយដែលផ្ទុយគ្នាខ្លាំង អ្នកទាំងពីរនឹងពិភាក្សាគ្នារកដំណោះស្រាយដើម្បីសម្របតាមគ្នាទៅវិញទៅមក។
ស្នេហាងប់ងុលគឺងាយៗ ព្រោះវាមិនមែនជាស្នេហាពិតវាគ្រាន់តែជាការយល់ច្រឡំរវាងភាពខ្វះជំនឿចិត្ត និងការមិនចេះស្រឡាញ់ខ្លួនឯង។
ស្នេហាពិតគឺមិនមែនជារឿងងាយៗទេ ព្រោះថាវាទាមទារឱ្យអ្នកមានការតាំងចិត្តខ្ពស់ ព្រមតស៊ូ និងទោះត្រូវរងទឹកភ្នែក ការលំបាក និងព្រាត់ប្រាស់ និងផ្សះផ្សា។ ឈ្លោះគ្នា និងត្រូវគ្នាវិញ។
ការស្រឡាញ់មនុស្សម្នាក់យ៉ាងងប់ងុល គឺគ្រាន់តែជាជំហានមួយនៃការទំនាក់ទំនងប៉ុណ្ណោះ វាពិតជាគ្រោះថ្នាក់ណាស់សម្រាប់អ្នក ព្រោះអ្នកនឹងអាចបាត់បង់អ្វីគ្រប់យ៉ាងដើម្បីប្តូរយកសម្ព័ន្ធភាពមួយនេះ។
ស្នេហាពិតគឺព្រមឱ្យគេទៅប្រសិនបើផ្លូវដែលត្រូវទៅគឺអាចផ្តល់ភាពរីកចម្រើន និងផ្តល់នូវក្តីសុខសម្រាប់មនុស្សជាទីស្រឡាញ់។ ទោះបីជាវាឈឺចាប់ប្រៀបបាននឹងចុះនរកក៏អាចទ្រាំបាន ព្រោះអ្នកយល់ច្បាស់ថាថ្ងៃណាមួយនឹងមានស្នេហ៍ពិតចូលមកស្អំបេះដូងរបស់អ្នកម្តងទៀត ហើយពេលវេលានឹងព្យាបាលរបួសបេះដូងឱ្យជាផ្សះស្បើយ៕