ភ្នំពេញ ៖ ទើបតែកន្លងទៅ ដែលថ្មីៗក្រសួងវប្បធម៌ទើបតែបើកអង្គប្រជុំមួយណែនាំអ្នកនិពន្ធ និងតំណាងផលិតកម្ម មិនអនុញ្ញាតឱ្យផលិត ឬចេញលក់បទចម្រៀង ដែលប្រើពាក្យអសុរោះប៉ះពាល់វប្បធម៌ប្រពៃណីខ្មែរឡើយ ស្រាប់តែពេលនេះមានការរិះគន់ពីសំណាក់មហាជនជាថ្មីមួយទៀតទៅលើបទចម្រៀង “អូនចង់ស្វានបង” របស់កញ្ញា បាន មុន្នីលក្ខ័ណ ដែលជាតារាចម្រៀងនៅផលិតកម្ម We Production ខណៈដែលនាងឡើងច្រៀងនៅស្ថានីយទូរទស្សន៍បាយ័ននិង PNN កាលពីសប្ដាហ៍មុននេះ។
បទចម្រៀងនេះក្រោយពីកញ្ញា បាន មុន្នីលក្ខ័ណ ឡើងអង្រួនឆាកតន្ត្រីរបស់ស្ថានីយទូរទស្សន៍២លើកមកនេះ ក៏ធ្វើឱ្យមានការរិះគន់ជាច្រើនថា បទចម្រៀងនេះទោះជាមានន័យបញ្ជាក់នារីម្នាក់ស្រឡាញ់បុរសម្នាក់ចង់ស្វានយកបេះដូង និងស្វានយកស្នេហាបុរសម្នាក់នោះក្ដី តែបទនេះ ក៏មានទស្សនិកជនជាច្រើនបានរិះគន់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ពាក្យពេចន៍ក្នុងបទចម្រៀងនេះ ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ជាពិសេសនារីខ្មែរតែម្ដង។
ពាក់ព័ន្ធការរិះគន់បទចម្រៀងខាងលើនេះ លោក ថៃ នរសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌បានផ្ដល់បទសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មានក្នុងស្រុកមួយថា ចំពោះការតែងនិពន្ធទាំងបទចម្រៀងនិងភាពយន្ត ក្រសួងផ្ដល់សិទ្ធិឲ្យអ្នកនិពន្ធសរសេរឡើងតាមការស្រមើស្រមៃក៏ប៉ុន្តែបើការសរសេរនោះ ដើម្បីតែទាញយកការចាប់អារម្មណ៍ដោយមិនគិតពីសីលធម៌ ដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីខ្មែរ ជាពិសេសតម្លៃជាស្ត្រីក្រសួងនឹងបិទមិនឲ្យចរាចរចេញលក់ទេ។
លោកថា ចំពោះបទ “អូនចង់ស្វានបង” បើសិនជាមានការប៉ះពាល់ដល់វប្បធម៌ក្រសួង នឹងចាត់វិធានការពិនិត្យជាថ្មីដើម្បីរកផលប៉ះពាល់ស្ថិតក្នុងកម្រិតណា៕