រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះកញ្ញាវ៉ាន់ នីឡា នៅតែមានអារម្មណ៍មួហ្មង និងអៀនខ្មាសនៅឡើយ បន្ទាប់ពីរឿងក្តីនាងប្តឹងជនអនាមិកដែលបញ្ចេញរូបអាក្រាតរបស់នាងតាមហ្វេសប៊ុកនៅមិនទាន់បានបញ្ចប់នៅឡើយ។
វ៉ាន់ នីឡា តែងតែព្យាយាមប្រកាន់ភាពរឹងមាំឆ្លើយតបតាមការចង់បានពីប្រិយមិត្តអ្នកគាំទ្រ ហើយជាបន្តបន្ទាប់នាងបានបង្ហាញខ្លួនជាមួយអ្នកសិល្បៈដូចគ្នាក្នុងសកម្មភាពជួយដល់ការងារសង្គមផងដែរ ខណៈពេលដែលនាងទើបតែវិលត្រឡប់មកពីការសម្តែងនៅឯក្រៅប្រទេស ក្រោយជួបរឿងអាស្រូវនោះ ។
ការចេញមុខចេញមាត់ជាបន្តបន្ទាប់របស់វ៉ាន់ នីឡា ទំនងជានាងចង់ជម្នះភាពសោកសៅ និងខ្មាសអៀនរបស់ខ្លួន ប៉ុន្តែផ្ទុយទៅវិញក្នុងចិត្តរបស់នាងនៅមិនទាន់បានជ្រះស្រឡះជុំវិញបញ្ហាដ៏អាក្រក់មួយនោះនៅឡើយទេ ។
អារម្មណ៍ដ៏សោកសៅដែលបានក្លាយជាស្រមោលខ្មៅតាមបន្លាចរហូតមកដល់ពេលនេះត្រូវបានវ៉ាន់ នីឡា បង្ហាញតាមហ្វេសប៊ុកប្រាប់ដល់ទស្សនិកជនឲ្យបានដឹង ក្នុងពេលដែលរឿងក្តីរបស់នាងកំពុងតែដំណើរការ និងមិនទាន់បានបញ្ចប់ ។
វ៉ាន់ នីឡា សរសេរថា «ខ្ញុំសង្ឃឹមថាបញ្ហារបស់ខ្ញុំនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ឆាប់! អ្នកទាំងអស់គ្នាដឹងអត់ថា ខ្ញុំមិនដែលដកដង្ហើមបានស្រួលទេរាល់ថ្ងៃហ្នឹង! ពិបាកណាស់ ធុញថប់ណាស់ !ខ្ញុំក៏ចង់ដូចមនុស្សដទៃដែលបើកភ្នែកមកមានតែអារម្មណ៍ស្រស់ស្រាយ ហើយអាចទៅបំពេញការងារបានដូចធម្មតាដោយស្នាមញញឹមដោយមិនមានភាពខ្មាសអៀន ។ បងប្អូនជាច្រើនតែងតែនិយាយប្រាប់ខ្ញុំ ឱ្យធ្វើដូចធម្មតា គ្មានអ្នកណាទៅខ្វល់រឿងហ្នឹងទៀតទេ ។ ខ្ញុំក៏ព្យាយាមធ្វើធម្មតា ប៉ុន្តែអារម្មណ៍ខ្ញុំមិនមែនធម្មតាឡើយ ! តើមានអ្នកណាដែលយល់ពីអារម្មណ៍មនុស្សរស់បៀមទុក្ខ ដូចពាក្យចាស់ពោលថា រស់ពិបាកជាងស្លាប់ តែខ្ញុំសុខចិត្តរស់ ខ្ញុំមិនស្លាប់ទេ មួយថ្ងៃៗខ្ញុំទន្ទឹងថ្ងៃនោះមកដល់... ចង់ដូចខ្ញុំកាលពីមុន ប៉ុន្តែមិនចង់ល្ងង់ដូចមុន » ។
សាររបស់វ៉ាន់ នីឡា ធ្វើឡើង បន្ទាប់ពីនាងទើបតែបានចូលបំភ្លឺនៅតុលាការជាមួយមេធាវីកាលពីពេល ថ្មីៗកន្លងមក បន្ទាប់ពីនាងត្រឡប់មកពីសម្តែងនៅក្រៅប្រទេសវិញ ។
បន្ទាប់ពីចេញពីតុលាការវ៉ាន់ នីឡា មិនបានបញ្ជាក់អ្វីច្រើនទេ ក្រៅអំពីបញ្ជាក់ដោយខ្លីថា នាងបានដាក់ពាក្យប្តឹងចំឈ្មោះអ្នកបញ្ចេញរូបអាក្រាតរបស់នាង និងទាមទារសំណងផងដែរ ៕