មណ្ឌលគិរី៖ បន្ទាប់ពីបានបើកវគ្គ ហ្វឹកហ្វឺននៅហ្នឹងកន្លែងរបស់វរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៦២១ ប្រចាំឆ្នាំ២០១៥ អស់រយៈពេលពេញ ១ខែកន្លងមក នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នេះ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺននៅហ្នឹងកន្លែងរបស់វរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៦២១ ប្រចាំឆ្នាំ២០១៥ នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
លោកឧត្តមសេនីយ៍ តូច យ៉ុន បានមានប្រសាសន៍លើកឡើងថា ស្របតាមប្រសាសន៍របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចអគ្គស្នងការនគរបាលជាតិ ក្រៅពីការការពារ រក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ មន្ត្រីនគរបាលការព្រំដែនគោក ត្រូវតែទទួលបាននូវការហ្វឹកហ្វឺនជំនាញបន្ថែម ដើម្បីការពារបូរណភាពទឹកដី ធ្វើការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗ ដោយអនុវត្តជាក់ស្ដែងនៅទីលានតែម្ដង ។
លោកស្នងការ បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ និងគិតគូរយ៉ាងខ្ពង់ខ្ពស់ដល់កងកម្លាំងនគរបាលជាតិ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយកដ្ឋានព្រំដែនគោក បានអនុញ្ញាតឲ្យបង្កើតវគ្គហ្វឹកហ្វឺននេះ ដល់កងកម្លាំងគរបាលការពារព្រំដែន នៃស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី ដើម្បីការពារបូរណភាពទឹកដី បង្ក្រាប និងទប់ស្កាត់បទល្មើសឆ្លងដែនផ្សេងៗ។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនខាងលើ មានរយៈពេល៣០ថ្ងៃ សម្រាប់មន្ត្រីនគរបាលរបស់វរៈនគរបាលការព្រំដែនគោកលេខ ៦២១ ដែលមានសិក្ខាកាមចូលរួមចំនួន ៤៤រូប រួមមាន នាយប៉ុស្តិ៍ នាយ នាយរងផ្នែក និងមន្ត្រី ដែលបានចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ។ មន្ត្រីនគរបាលទាំង ៤៤រូប នឹងទទួលបានការហ្វឹកហ្វឺនបន្ថែមលើជំនាញចំនួន១០ រួមមាន ១-បទបញ្ជា០០១ បបផ និងវិន័យ០០៦ បបផ របស់កងកម្លាំងនគរបាលជាតិ, ២-លំហាត់របៀប, ៣-យល់ដឹងពីតួនាទីរបស់នគរបាលការពារព្រំដែន, ៤-ការប្រើប្រាស់ផែនទីភូមិសាស្ត្រ ឋានលេខ ត្រីវិស័យ GPS ការរកមុំទិសនៅទីលានជាក់ស្ដែង, ៥-ប្រឆាំងការជួញដូរគ្រឿងញៀន, ៦-យល់ដឹងពីការរត់ពន្ធមនុស្ស និងទេសន្តប្រវេស៍, ៧-ស្រាវជ្រាវបទល្មើសឧក្រិដ្ឋ និងកសាងសំណុំរឿង, ៨-ការងារស្រាវជ្រាវជាមូលដ្ឋានសភាពការណ៍សន្តិសុខ និងភេរវកម្ម, ៩-យុទ្ធិវិធីថ្នាក់កងអនុសេនាធំ ថ្មើរជើង ការពារទីតាំង វាយលុក ដណ្ដើមយកទីតាំង លំហាត់សមយុទ្ធលើទីលានជាក់ស្ដែង និងទី១០-ប្រតិបត្តិចិត្តសាស្ត្រ។
លោកឧត្តមសេនីយ៍ តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងបានធ្វើការជួយឧបត្ថម្ភសម្រាប់ការស្នាក់នៅ ការហូបចុក ព្រមទាំងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ដល់សិក្ខាកាមទាំងអស់ ។ ឆ្លៀតក្នុងឱកាសនេះ លោកស្នងការ ក៏បានផ្ដាំផ្ញើនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង និងឯកឧត្តមនាយឧត្តមសេនីយ៍ នេត សវឿន អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ត្រូវតែហ្វឹកហ្វឺនជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី រឹតបន្តឹងគ្រប់ច្រករបៀងនានា ពិសេសកងកម្លាំងនគរបាលជាតិ ត្រូវតែគោរពរដ្ឋធម្មនុញ្ញ ការពាររដ្ឋាភិបាលស្របច្បាប់ និងគោរពនូវបទបញ្ជាតាមឋានានុក្រមផងដែរ។
ដោយឡែក លោកស្នងការក៏បានអរគុណដល់សិក្ខាកាមទាំង ៤៤រូប ដែលបានយកចិត្តទុកដាក់ហ្វឹកហាត់ ត្រង់ត្រាប់ និងក្រេបជញ្ជក់យកចំណេះដឹង ពីគ្រូឧទេសនាម ដើម្បីយកទៅអនុវត្ត ក្នុងភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនជាក់ស្ដែង ដែលនគរបាលការពារព្រំដែនត្រូវយកចិត្តទុកដាក់ ការការពារនូវបូរណភាពទឹកដី បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ គ្រប់រូបភាពដូចជា បទល្មើសជួញដូរមនុស្ស អាវុធ គ្រឿងញៀន ឆ្លងដែន និងអំពើភេរវកម្ម ពិសេសបទល្មើសព្រៃឈើតែម្ដង។ លោកបន្ថែមថា សិក្ខាកាមទាំងអស់ត្រូវគោរពឲ្យបាននូវបទបញ្ជាផ្ទៃក្នុងកងកម្លាំង ជាពិសេសគោរពវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងបន្តកិច្ចប្រតិបត្តិការជាមួយប្រទេសជិតខាង ពោលគឺបន្តថែរក្សាការពារបង្គោលព្រំដែន ដែលភាគីថ្នាក់ជាតិបានបោះរួចរាល់៕