ភ្នំពេញ៖ ដោយតាមការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជម្រុញអោយមាតាបិតាទាំងអស់នាំបុត្រធីតាដែលគ្រប់អាយុចូលរៀន ទៅចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នា ដោយមិនប្រកាន់និន្នាកានយោបាយ និងការចុះឈ្មោះចូលរៀនដោយមិនត្រូវបានបង់ប្រាក់នោះឡើយ។
នៅសាលាសង្កាត់ឫស្សីកែវ បានប្រារព្ធពិធីយុទ្ធនាការឃោសនាផ្សព្វផ្សាយចុះឈ្មោះចូលរៀន នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ដើម្បីចូលរួមលើកកំពស់វិស័យអប់រំនៅកម្ពុជាឲ្យកាន់តែមាន ភាពប្រសើរឡើង ។ មាតាបិតាទាំងអស់ត្រូវនាំបុត្រធីតារបស់អស់លោកអ្នកទៅចុះឈ្មោះចូលរៀន ឲ្យបានច្រើនកុះករ សម្រាប់ឆ្នាំសិក្សាថ្មី ២០១៥-២០១៦ នេះ ។
ក្នុងយុទ្ធនាការឃោសនាចុះឈ្មោះចូលរៀននេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនពី មន្ត្រីសង្កាត់ លោកមេភូមិទាំងដែលមកពីភូមិចំនួន៤ យុវជនសង្កាត់-ភូមិ ប្រជាការពារភូមិ លោកនាយក លោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សាឫស្សីកែវ សមាជិកក្រុមប្រឹក្សាសង្កាត់ ក្រោមការដឹកនាំដោយផ្ទាល់ពី លោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ ។
ការឃោសនាផ្សព្វផ្សាយនេះដែរ មានរ៉ឺម៉កមូតូដាក់មីក្រូ ១គ្រឿង រថយន្ត ១គ្រឿង និងក្បួនម៉ូតូជាច្រើនគ្រឿង ព្រមទាំងមានចែកសេចក្តីជូនដំណឹង ដល់មាតាបិតា អាណាព្យាបាលសិស្សនាំកូនដែលគ្រប់អាយុមកចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
ប្រភព៖ ទំព័រសាលាសង្កាត់ឫស្សីកែវ