បន្ទាយមានជ័យ ៖ លោកតាម្នាក់ឈ្មោះ ឈិត មាឃ អាយុ ៨៣ឆ្នាំ រស់នៅភូមិប៉ោយតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលរស់នៅក្នុងខ្ទមកំសត់បែកបាក់គ្មានទីពឹង ជួបនូវការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ហើយគ្មានកូនចៅ ត្រូវបានលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលចុះជួយកសាងផ្ទះ១ខ្នង ទំហំ៣ម៉ែត្រគុណ៤ម៉ែត្រ ធ្វើងអំពិឈើប្រក់ស័ង្កសី ជូនដល់លោកតា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ដើម្បីជួយលំលែកនូវទុក្ខលំបាក គ្រាដែលការរស់នៅរបស់លោកតា ប្រចាំថ្ងៃអាស្រ័យលើការផ្គត់ផ្គង់ពីអ្នកជិតខាងនោះ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនធំ ទៅប្រគល់ជូនដល់ដៃលោកតាសម្រាប់យកទៅដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។
លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តប្រាប់ឲ្យដឹងថា កម្លាំងនគរបាលឆ្លៀតឱកាសទំនេរពីការងារស្នូលការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតែងតែចុះជួយធ្វើការងារសង្គម ដើម្បីជួយគាំទ្រនូវសកម្មភាពមនុស្សធម៌រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាពិសេសគឺមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយនោះឡើយ។
លោកឧត្តមសេនីយ៍ស្នងការបានលើកឡើងទៀតថា លោកតាខាងលើក្រោយពីលោកទទួលព័ត៌មានមកថា កំពុងតែប្រឈមនូវការខ្វះខាត និងជួបលំបាកក្នុងជីវភាពប្រចាំថ្ងៃ លោកក៏បានដឹកនាំកម្លាំងចំណាយថវិកាផ្ទាល់ខ្លួនទិញយកសម្ភារដើម្បីជួយកសាងផ្ទះមួយខ្នងជូនដល់លោកតា ដើម្បីឲ្យលោកតាមានផ្ទះរស់នៅសមរម្យជំនួសនូវផ្ទះបែកបាក់ទៅហើយនោះ។ ទន្ទឹមនោះលោកក៏បានអំពាវឲ្យប្រជាពលរដ្ឋ និងសប្បុរសជនបន្តចូលរួមឧបត្ថម្ភជូនលោកតាបន្ថែមទៀត ដើម្បីឲ្យលោកតាបានរស់នៅក្នុងជីវភាពល្អប្រសើរ គ្រាដែលលោកតាមានអាយុកាន់តែច្រើនទៅហើយនោះ ៕