ភ្នំពេញ៖ អនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរក្សានូវសុខសន្ដិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ បានបើកកិច្ចប្រជុំស្ដីពី ភូមិ-សង្កាត់មានសុវត្ថិភាព ប្រចាំខែតុលា នៅសាលាសង្កាត់អូរឫស្សីទី២ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ហេង គឹមហ៊ាង ចៅសង្កាត់រងទី១ លោក ហ៊ន ឈាង នាយរងប៉ុស្តិ៍ និងតំណាង អាវុធហត្ថខណ្ឌ លោក ឡេង គឹមស្រុង ប្រធានផ្សារអូរឫស្សី ព្រមទាំងប្រជាពលរដ្ឋភូមិ៥ចូលរួមសរុប ៣៧នាក់ ក្រោមអធិបតីភាព លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សីទី ២។
ក្នុងឱកាសនោះដែរ លោក ចាន់ ពិសិដ្ឋ បានមានប្រសាសន៍ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើកឡើងពីបញ្ហាអសកម្មមួយចំនួនដែលកើតមាននៅក្នុងសង្កាត់ ដើម្បីងាយស្រួលក្នុងការសម្របសម្រួល និងដោះស្រាយ។
ក្នុងកិច្ចប្រជុំនេះ ប្រជាពលរដ្ឋទាំងអស់បានសំណូមពរពាក់ព័ន្ធទៅលើបញ្ហា ការប្រមូលសំរាមមិនអស់ របស់ក្រុមហ៊ុន ស៊ិនទ្រី និងបានធ្វើការពិភាក្សាទៅលើបញ្ហាផ្សេងៗមួយចំនួនទៀតផងដែរ។
ជាចុងបញ្ចប់ លោក ចាន់ ពិសិដ្ឋ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការណ៍ អនុវត្តនូវគោលការណ៍របស់រាជរដ្ឋាភិបាល ភូមិ-សង្កាត់មានសុវត្ថិភាព និងជួនពរឲ្យប្រជាជនទាំងអស់ជួបតែសេចក្តីសុខគ្រប់គ្រួសារ ហើយបានសន្យាថានឹងធ្វើការសហការណ៍ដោះស្រាយ ជាមួយនឹងអង្គភាពពាក់ព័ន្ធដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ៗគ្នា៕
ប្រភព៖ ទំព័រសាលាសង្កាត់អូរឫស្សីទី២