ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជាតែងតែមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រលំបាក ជាពិសេសចំពោះចាស់ជរាគ្មានទីពឹង និងមានជីវភាពរស់នៅក្រលំបាក ក៏ដូចជាជនងាយរងគ្រោះផងដែរ ។
ដោយមើលឃើញពីភាពលំបាកបែបនេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ បាននាំយកនូវអំណោយ មកចែកជូនប្រជាពលរដ្ឋចាស់ជរាដែលមានជីវភាពខ្វះខាត និងជនងាយរងគ្រោះ ចំនួន ៤០ គ្រួសារ និងសង្កាត់វាលវង់ ចំនួន ៤៦គ្រួសារ នៅសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពិធីចែកអំណោយនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ។
អំណោយដ៏ថ្លៃថ្លាទាំងអស់នេះគឺជារបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរ (១០កំប៉ុង) ភួយ ១ មុង ១ ក្រមា១ និងសារុង ១ ផងដែរ ។
ជាចុងក្រោយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបនិងជីវភាពក្រីក្រលំបាក ក្នុងការជួយឧបត្តម្ភថវិកា ក៏ដូចជាសម្ភារៈផ្សេងៗ ដោយមិនប្រកាន់ពីនិន្នាការនយោបាយឡើយ ៕
ប្រភព៖ ទំព័រសាលាខណ្ឌ៧មករា