ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជាតែងតែមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រលំបាក ជាពិសេសចំពោះចាស់ជរាគ្មានទីពឹង និងមានជីវភាពរស់នៅក្រលំបាក ក៏ដូចជាជនងាយរងគ្រោះផងដែរ ។
នៅក្នុងភូមិក្រាំងអង្ក្រង ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ មានពិធីសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរបស់ សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅជូនលោកយាយជរាដែលមានជីវភាពក្រីក្រ ឈ្មោះ ប៊ុន ណេន អាយុ ៩៥ឆ្នាំ រស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ពិធីចែកអំណោយនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា និងជាអភិបាលរងខណ្ឌសែនសុខ តំណាងលោក លី សាវេត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ។
អំណោយ ដែលលោកយាយបានទទួលថវិកាសរុបចំនួន ២២០.០០០រៀល ក្នុងនោះ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបានឧបត្ថម្ភថវិកាចំនួន ១០០.០០០រៀល និងក្រុមការងារជាសមាជិកអនុសាខា បានឧបត្ថម្ភថវិកាចំនួន ១២០.០០០រៀលបន្ថែមទៀតផងដែរ ។
ជាចុងក្រោយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបនិងជីវភាពក្រីក្រ លំបាក ក្នុងការជួយឧបត្តម្ភថវិកា ក៏ដូចជាសម្ភារៈផ្សេងៗ ដោយមិនប្រកាន់ពីនិន្នាការនយោបាយឡើយ ៕
ប្រភព៖ ទំព័រសាលាខណ្ឌសែនសុខ