ភ្នំពេញ៖ ដើម្បីធ្វើឲ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការមករកសេវារដ្ឋបាលនានា សាលាខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ មានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ។
គោលបំណងក្នុងការបង្កើតកិច្ចប្រជុំនេះឡើងគឺ ដើម្បីឆ្លងលើរបៀបវារៈ ស្តីពីការពិនិត្យ និងអនុម័តបឋម លើសេចក្តីព្រាងដីកា ស្តីពីការកំណត់តម្លៃសេវារដ្ឋបាល របស់រដ្ឋបាលខណ្ឌដូនពេញ បន្ទាប់ពីសេចក្តីព្រាងនេះបានប្រជុំពិភាក្សាផ្ទៃក្នុង និងឆ្លងគណៈអភិបាលខណ្ឌរួច នាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានថ្លែងកោតសរសើរ និងអរគុណ ដល់កម្លាំងមានសមត្ថកិច្ចខណ្ឌ ក៏ដូចជាកម្លាំងប្រជាការពារ ដែលបានចូលរួមក្នុងការការពារ សន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ធ្វើដំណើរនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុគ្គលិកក្រុមហ៊ុនស៊ីនទ្រីខណ្ឌ ដែលបានខិតខំសំអាត និងអនាម័យក្នុងមូលដ្ឋានខណ្ឌដូនពេញបានល្អប្រសើរផងដែរ៕
ប្រភព៖ ទំព័រសាលាខណ្ឌដូនពេញ