កណ្ដាល៖ នៅស្រុកកណ្ដាលស្ទឹង ព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៥ មានប្រារព្ធ វេទិកាពិគ្រោះយោបល់ជាសាធារណៈ ជាមួយប្រជាពលរដ្ឋអំពី ផលវិបាក ផលប៉ះពាល់ នៃការជីកដី ដឹកដី និងដឹកជញ្ជូនផ្សេងៗទៀត ក្នុងភូមិសាស្ដ្រ ស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
វេទិកាសាធារណៈនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជឹម សុខខុន អភិបាលរងខេត្តកណ្តាល ហើយលោកអភិបាល ក៏បានថ្លែងឲ្យប្រជាពលរដ្ឋទាំងអស់បញ្ចេញនូវមតិយោបល់របស់ខ្លួន ដែលកំពុងជួបទុក្ខលំបាកផងដែរ ។
ការជីកដី ខ្សាច់ និងដឹកទំនិញផ្សេងៗ ដែលចូលឆ្លងកាត់ក្នុងស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នួល មានភាពអនាធិបតេយ្យ និងមិនគោរពច្បាប់ទម្លាប់ ដែលធ្វើអោយប៉ះពាល់ដល់សោភ័ណ្ឌភាព បរិស្ថាន ជាពិសេសសុខភាពប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ ដែលរថយន្តដឹកដីបានឆ្លងកាត់។
ប្រជាពលរដ្ឋក៏បានលើកឡើងក្នុងវេទិកាសាធារណៈ នូវបញ្ហាប្រឈមទាំងអស់ ហើយខេត្ត និងអាជ្ញាធរស្រុកបានសហការគ្នារៀបចំធ្វើយុន្នាការនានា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ឲ្យបានលឿន និងឆាប់រហ័សបំផុត ៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តកណ្ដាល