ភ្នំពេញ៖ ក្រោយពីមានការប្រជុំទទួលផែនការរៀបចំសណ្តាប់ធ្នាប់ និងពង្រឹងសន្តិសុខសង្គមរួចមកល្ងាចថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៥ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានចុះធ្វើរដ្ឋបាលនៅក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ពិធីនេះ ដឹកនាំដោយលោក លីន ញ៉ក់ អភិបាលរងខណ្ឌឫស្សីកែវ ក្រោមការចង្អុលបង្ហាញពីលោក ធុយ សុខន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ អមដំណើរដោយលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ និងលោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ ។
ការចុះធ្វើរដ្ឋបាលនេះ គឺក្នុងគោលបំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីថែរក្សានូវសុខសុវត្ថិភាព ស្ថេរភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការជៀសវាងនូវអំពើអសន្តិសុខសង្គមនានានៅក្នុងមូលដ្ឋាន ។
ក្នុងឱកាសនេះដែរ អាជ្ញាធរក៏បានធ្វើការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ អោយយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាអគ្គីភ័យ ជៀសវាងកុំអោយមានការកើតឡើង ជាពិសេសប្រជាពលរដ្ឋដែលធ្វើអាជីវកម្មនៅលើដងផ្លូវជាតិលេខ៥ សូមកុំយកដងផ្លូវធ្វើជាកន្លែងអាជីវកម្ម ដែលនាំអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ៕
ប្រភព៖ ទំព័ររដ្ឋបាលសង្កាត់ឫស្សីកែវ