ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ មានពិធីចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១០នាក់ តំណាងឱ្យ១០គ្រួសារនៅក្នុងសង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ពិធីនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោក ងួន ប៊ុណ្ណាន នាយករដ្ឋបាលខណ្ឌ៧មករា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ៧មករា តំណាងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ៧មករា ។
អំណោយទាំងអស់នេះជារបស់ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ជូនដល់គ្រួសារក្រីក្រមានសមាជិកច្រើនរស់នៅក្នុងបន្ទុក ជនពិការ ស្ត្រីមេម៉ាយជាមេគ្រួសារ អ្នកកើតជំងឺអេដស៍ និងជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។
ក្នុងនេះដែរ គ្រួសារនីមួយៗទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ៥កំប៉ុង ទឹកដោះគោ២កំប៉ុង និងទឹកត្រីមួយដប ផងដែរ ។
ដើម្បីតបនឹងគុណូបការៈដ៏ថ្លៃថ្លានេះ តំណាងប្រជាពលរដ្ឋម្នាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ ៧មករា ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផលលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយទឹកចិត្តមនុស្សធម៌៕
ប្រភព៖ ទំព័រ សសយក ខណ្ឌ៧មករា