ភ្នំពេញ៖ រដ្ឋបាលខណ្ឌ ៧មករា នៅព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៥ បានធ្វើការប្រជុំពិភាក្សាបញ្ហាការកំណត់តម្លៃសេវាមួយចំនួន សម្រាប់ការិយាល័យច្រកចេញចូលតែមួយ នៅសាលប្រជុំសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមាសភាពដែលបានអញ្ជើញចូលរួម ក្នុងដំណើរការនៃកិច្ចប្រជុំរួមមាន៖ លោកអភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ ការិយាល័យចំណុះសាលាខណ្ឌ ចៅសង្កាត់ មេភូមិ និងតំណាងសហគមន៍ ក្រោមអធិបតីភាព លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ។
កិច្ចប្រជុំពិភាក្សានេះ អង្គភាពទាំងមូលបានជជែកពិភាក្សាដេញដោលគ្នា យ៉ាងស៊ីជម្រៅ និងយកចិត្តទុកដាក់បំផុត ក្នុងការកំណត់តម្លៃ និងពេលវេលានៃការផ្តល់ឯកសារជូនប្រជាពលរដ្ឋវិញ ដើម្បីដាក់ឆ្លងក្រុមប្រឹក្សាសម្រេច មុននឹងដាក់អោយប្រើប្រាស់ ។
នាឱកាសនេះដែរ លោកអភិបាល ក៏បានថ្លែងថា៖ ការកំណត់តម្លៃសេវាឲ្យបានច្បាស់លាស់បែបនេះ គឺដើម្បីមានភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងការមករកសេវារដ្ឋបាល ៕
ប្រភព៖ ទំព័ររដ្ឋបាលខណ្ឌ៧មករា