ភ្នំពេញ៖ លោក លីម សុភា អភិបាលខណ្ឌ ៧មករា និងជាប្រធានកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា នៅរសៀលថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០១៥ បានដឹកនាំមន្ត្រីក្រោមឱវាទ មកទទួលទេយ្យទានជាគ្រឿងឧបភោគបរិភោគ និង សម្ភារៈប្រើប្រាស់ ព្រមទាំងបច្ច័យមួយចំនួនពីវត្តព្រះពុទ្ធមានបុណ្យ វត្តសំពៅមាស និងវត្តមង្គលវ័ន។
អភិបាលខណ្ឌ បានទទួលទេយ្យទានទាំងនេះពី ព្រះបិដកធម្ម ម៉ៅ នីម ព្រះអនុគណៈខណ្ឌ៧មករា ព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ ព្រះមង្គលសត្ថា កង ណាម៉ានី ព្រះវិន័យធរ អនុគណៈខណ្ឌ៧មករា ព្រះចៅអធិការវត្តសំពៅមាស ព្រះធម្មឃោសាចារ្យ ឃី សុវណ្ណរតនា ព្រះធម្មធរ អនុគណៈខណ្ឌ៧មករា ព្រះចៅអធិការវត្តមង្គលវ័ន ។
ទេយ្យទានដែលទទួលបានមានដូចជា៖ អង្ករ ២០បាវ មី៧២កេស ត្រីខ ៨៦៤កំប៉ុង ទឹកត្រី ៤៥យួរ ទឹកស៊ីអ៊ីវ ៤៥យួរ តែ ៣០០កញ្ចប់ ស្កសរ ១៥០គីឡូក្រាម ទឹកដោះគោ ៣០០ កំប៉ុង ទឹកក្រូច ២១ កេស ទឹកសុទ្ធ ២១កេស និងបច្ច័យចំនួន ៦,០០០,០០០រៀល ផងដែរ។
សូមបញ្ជាក់ផងដែរថា ទេយ្យទានដែលបានទទួលទាំងអស់នេះ គឺដើម្បីយកទៅចែកជូនគ្រួសារ ដែលមានសមាជិកច្រើនរស់នៅក្នុងបន្ទុក ជនពិការ ស្ត្រីមេម៉ាយជាមេគ្រួសារ និង ជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ និង ជាតិសាសន៍ អ្វីឡើយ៕
ប្រភព៖ ទំព័ររដ្ឋបាលខណ្ឌ៧មករា