ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅក្នុងក្រុមទី១ ភូមិ ខ១ សង្កាត់ចរាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មានពិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូន កម្មករកម្មការនី ចំនួន ១០៤ នាក់ (ស្រី ៩៨នាក់)។
ពិធីនេះប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមពី ក្រុមការងារសហជីពសង្កាត់ច្រាំងចំរេះទី២ មន្ត្រីសង្កាត់ ប្រធាន សសយក សង្កាត់ ព្រមទាំងសមាជិក មន្ត្រីភូមិ និង កងម្លាំងប្រជាការពារ ក្រោមអធិបតីភាព លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២។
ក្នុងឱកាសនោះ លោក វ៉ាន់ ផន បានថ្លែង សំណេះសំណាលជាមួយ បងប្អូន កម្មករ កម្មការនី ក្នុង បរិយាកាសស្និទស្នាលជាទីបំផុត។ លោកក៏បានមានប្រសាសន៍បញ្ជាក់ពីគោលបំណងសំខាន់នៃការចុះជួបសំណេះសំណាលនេះ គឺក្នុងន័យស្វែងយល់ពីសុខទុក្ខរបស់ បងប្អូន កម្មករ កម្មការនីដែលកំពុងរស់នៅក្នុងមូលដ្ឋាន។ នេះជាគំរូមួយ ដែលបញ្ជាក់ពីការយកចិត្តទុក្ខដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករកម្មការនី ដែលតែងតែជាក្តីបារម្ភរបស់អាជ្ញាធរមូលដ្ឋាន ដែលលោកតែងតែចុះសួរសុខទុក្ខ និងដោះស្រាយរាល់បញ្ហា ដោយមិនរើសអើង និងប្រកាន់និន្នាការនយោបាយឡើយ។
ឆ្លៀតឱកាសនោះ លោក វ៉ាន់ ផន និងក្រុមការងារ ក៏បានចែកអំណោយកំដរដៃ ដែលជាគ្រឿងបរិភោគមួយចំនួន ជូនដល់បងប្អូន កម្មករ កម្មការនីផងដែរ។
ជាចុងក្រោយ បងប្អូនកម្មករ កម្មការនី បានថ្លែងអំណរ គុណជូនដល់ លោក វ៉ាន់ ផន និងក្រុមការងារទាំង អស់ ដែលបានចុះមកសាកសួរសុខទុក្ខ និងពាំនាំយក អំណោយមកចែកជូនដល់ ពួកគាត់ ពិសេសនេះជា ឥរិយាបថដ៏ទន់ភ្លន់និងការយកចិត្តទុកដាក់ពីសំណាក់ អាជ្ញាធរជាមួយបងប្អូនប្រជាពលរដ្ឋទូទៅ។
ប្រភព៖ ទំព័រសាលាសង្កាត់ច្រាំងចំរេះទី២