ភ្នំពេញ៖ អនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរក្សានូវសុខសន្ដិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ រដ្ឋបាលខណ្ឌសែនសុខបានរៀបចំវេទិកាសាធារណៈស្តីពីការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងបើកការដ្ឋានស្ថាបនាចាក់ជាបេតុង នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
វេទិកាសាធារណៈនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាក្រុមការងារចុះមូលដ្ឋានខណ្ឌសែនសុខ និងលោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និង មានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋចំនួន ៣០០នាក់ផងដែរ។
ការដ្ឋាននេះ បានស្ថាបនាលើផ្លូវលេខ២០៧ និងផ្លូវលេខ២០៩ មានប្រវែងសរុប ១.១០០ម៉ែត្រ ទទឹង ០៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតក្នុងភូមិសែនសុខទី៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាចុងក្រោយ ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមាននៅទីនេះ ហើយក៏បានចូលរួមសហការយ៉ាងសកម្មបំផុតនៅក្នុងវេទិកាសាធារណៈនេះ និងសូមជូនពរឲ្យបងប្អូនជួបតែសេចក្ដីសុខ សំណាងល្អ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ៕
ប្រភព៖ ទំព័រសាលាខណ្ឌសែនសុខ