ភ្នំពេញ៖ នៅក្នុងបរិវេនវិទ្យាល័យបាក់ទូក រសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥ មានពិធីចែកអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួនសរុប ២៥០ នាក់ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ សហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់វាលវង់ និងមន្ត្រីពាក់ព័ន្ធខណ្ឌ៧មករា ក្រោមអធិបតីភាព លោក ងួន ប៊ុណ្ណាន នាយករដ្ឋបាលខណ្ឌ៧មករា និងលោកស្រី កែវ សាកល ចៅសង្កាត់វាលវង់។
ថ្លែងក្នុងឱកាសនេះដែរ លោកនាយករដ្ឋបាលខណ្ឌ៧មករា បានមានប្រសាសន៍ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានធ្វើអត្តសញ្ញាណបណ្ណ័ ប្រញ៉ាប់ប្រញាល់មកធ្វើឲ្យបានគ្រប់ៗគ្នា និងបងប្អូនដែលមានលិខិតអញ្ជើញមកទទួលអត្តសញ្ញាណបណ្ណ័ សូមរួសរាន់មកទទួលយកផងដែរ។
លោកនាយករដ្ឋបាលបានបន្ដទៀតថា៖ លោកក៏សូមអភ័យទោស ចំពោះការយឺតយាវក្នុងការចែកជូនអត្តសញ្ញាណបណ្ណ័ ដែលបងប្អូនបានធ្វើរួមហើយ តែមិនទាន់បាន ដោយមូលហេតុបណ្ដាលមកពី ការកកស្ទះនៃការងារ ហើយលោក និងក្រុមការងារ នឹងខិតខំប្រឹងប្រែងធ្វើឲ្យបានលឿន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានគ្រប់ៗគ្នា។
ជាចុងក្រោយ លោក ងួន ប៊ុណ្ណាន និងលោកស្រី កែវ សាកល បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបតែសំណាងល្អ សុខភាពល្អ និងសូមថ្លែងអំណរគុណចំពោះបងប្អូនដែលមានវត្តមានចូលរួមក្នុងពិធីនេះយ៉ាងច្រើនកុះករ៕