ភ្នំពេញ៖ ដើម្បីធ្វើឲ្យមានភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥ រដ្ឋបាលខណ្ឌមានជ័យបានប្រារព្ធពិធី បើកការដ្ឋានស្ថាបនាផ្លូវបេតុង ០១ខ្សែ ស្ថិតនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាក្នុងឱកាសនេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ មេភូមិ អនុប្រធានភូមិ យុវជន សសយក ខណ្ឌ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន និងលោក សួស សារិន ចៅសង្កាត់បឹងទំពន់ ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងលោកស្រី។
សូមបញ្ជាក់ថា ការស្ថាបនាផ្លូវបេតុង១ខ្សែនេះ មានប្រវែង ៧១៧ម៉ែត្រ ទទឹង ៦ម៉ែត្រ ហើយផ្លូវ ០១ខ្សែនេះដែរ ជាផ្លូវចូលតាមវត្តដំបូកខ្ពស់ ដែលជាផ្លូវសំខាន់ ហើយចំណាយថវិកាផ្ទាល់ របស់សាលាខណ្ឌមានជ័យ។
ថ្លែងក្នុងឱកាសនេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាផ្លូវមួយខ្សែនេះ ឲ្យបានគង់វង្សយូរអង្វែង ព្រោះនេះជាសមិទ្ធផលរបស់យើងទាំងអស់គ្នា ដូច្នេះហើយ យើងត្រូវតែនាំគ្នាចូលរួមថែរក្សា។
ជាការពិតណាស់ ថ្នាក់ដឹកនាំដែលមាន សម្ដេច ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការមើលឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពល្អប្រសើរឡើង ព្រមទាំងខិតខំអភិវឌ្ឃន៍ប្រទេសជាតិឲ្យឈានទៅរកចីរភាពផងដែរ៕