ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ រដ្ឋបាលសាលាខណ្ឌ៧មករា មានកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី២ នៅសាលប្រជុំខណ្ឌ៧មករា ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរដ្ឋបាលខណ្ឌ៧មករាទាំងអស់ ក្រោមអធិបតីភាពលោក ចាន់ សុកមៀន ប្រធានស្តីទីក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា។
របៀបវារៈនៃអង្គប្រជុំទាំងមូលមានដូចជា៖ ឆ្លង និង អនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ (៣០-០៩-២០១៥) របស់ក្រុមប្រឹក្សា ខណ្ឌ៧មករាអាណត្តិទី២។ ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ តុលា ឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌ៧មករា។ ឆ្លង និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ៧មករាប្រចាំខែកញ្ញា ឆ្នាំ២០១៥ ព្រមទាំងបញ្ហាមួយចំនួនទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ចាន់ សុកមៀន បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការងារ របស់មន្ត្រីរដ្ឋបាលទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការងារ។
លោកក៏បានបន្តទៀតថា៖ សូមឲ្យមន្ត្រីរដ្ឋបាលទាំងអស់បន្ដខិតខំប្រឹងប្រែងធ្វើការងារ ឲ្យបានកាន់តែល្អប្រសើរជាងនេះទៀត ក្នុងគោលបំណងអភិវឌ្ឃន៍ខណ្ឌរបស់យើង ក៏ដូចជាជួយចូលរួមក្នុងការអភិវឌ្ឃន៍ប្រទេសជាតិផងដែរ៕
ប្រភព៖ ទំព័រសាលាខណ្ឌ៧មករា