ភ្នំពេញ៖ សាលាខណ្ឌមានជ័យ នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៥ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី២ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋបាលខណ្ឌមានជ័យទាំងអស់ ក្រោមអធិបតីភាព លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ មានរបៀបវារៈដូចជា៖ ពិនិត្យ និង អនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ។ ពិនិត្យ និង អនុម័ត របាយការណ៍ប្រចាំខែកញ្ញា ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខណ្ឌមានជ័យ ឆ្នាំ២០១៥ ព្រមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត។
ឆ្លៀតក្នុងឱកាសនេះដែរ លោក អែម សុខលាង បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការងារ របស់មន្ត្រីរដ្ឋបាលទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការងារ និងព្រមទាំងជូនពរឲ្យបងប្អូនទាំងអស់មានសុខភាពល្អ គ្រប់ក្រុមគ្រួសារផងដែរ៕
ប្រភព៖ ទំព័ររដ្ឋបាលខណ្ឌមានជ័យ