ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីប្រចាំតំបន់អាស៊ី-អឺរ៉ុប (ASEM) ស្តីពីពិការភាព និង សន្និសីទពិភពលោកស្តីពីឧប ករណ៍ជំនួយ និងបច្ចេកវិទ្យាសម្រាប់ជនពិការ ត្រូវបានគេប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៥ម្សិលមិញនេះ ក្រោមអធិបតីភាព លោក លី ខាយឈាង នាយករដ្ឋមន្ត្រីចិន និង លោកស្រី អេនជីឡា ម៉ាកែល អធិការបតីអាល្លឺម៉ង់។
កិច្ចប្រជុំនេះ មានអ្នកចូលរួមសរុបប្រមាណ ២០០នាក់ មកពីបណ្តាប្រទេសក្នុងពិភពលោកចំនួន៤០ ក្នុងនោះមន្ត្រី ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា ក៏ត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ ដឹកនាំដោយលោក សែម សុខា អនុប្រ ធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ។
លោក ឯម ច័ន្ទមករា បានប្រាប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងបំណងធានា និង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ី-អឺរ៉ុប ដើម្បីធ្វើឲ្យមានការរីកចម្រើនផ្នែកឧស្សាហ៍កម្មនានា ក្នុងកំណើនសេដ្ឋកិច្ច និងដាក់ចេញនូវសំណើទៅសហគមន៍អន្តរជាតិ ដើម្បីធានាដល់សិទ្ធិពេញលេញសម្រាប់ជនពិការនាពេលអនាគត។
នៅក្នុងកិច្ចប្រជុំនេះ បញ្ហាប្រឈមរបស់ជនពិការ ក៏ដូចជាការប្រឹងប្រែង ដើម្បីស្តារស្ថានភាពរស់នៅ និងការគោរព សិទ្ធិរបស់ជនពិការនៅកម្ពុជា ត្រូវបានលើកបង្ហាញផងដែរ។ លោក សែម សុខា បានថ្លែងបញ្ជាក់ថា គណៈអធិបតី និងអ្នកចូលរួមទាំងអស់ថា ជនពិការនៅកម្ពុជា មានជាង ៣០ម៉ឺននាក់ តែចំនួននេះតិចជាងបណ្តាប្រទេស ដែលកំពុងអភិវឌ្ឍន៍ដទៃទៀត។ ចំនួនតិចនេះ ដោយសារកម្ពុជា ឲ្យនិយមន័យពិការភាពតាមបែបវេជ្ជសាស្ត្រ ហើយកម្ពុជាកំពុងតែធ្វើបច្ចុប្បន្នភាព ជនពិការតាមប្រព័ន្ធ ICF ។
លោក សែម សុខា បានបន្តថា ការងារពិការរភាព គឺជាការងារពហុវិស័យទាមទារឲ្យមានការចូលរួមយកចិត្តទុក ដាក់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវការផ្តល់ប្រយោជន៍ឲ្យជនពិការអាចរស់នៅបានប្រកបដោយសុខុមាលភាព និងមានការគោរពសិទ្ធិស្មើមុខស្មើមាត់នៅក្នុងសង្គម។
លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ កម្ពុជា រំពឹងថា នឹងទទួលបានបទពិសោធន៍ថ្មីៗ ដែលជួយឲ្យជនពិការកម្ពុជា អាចប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ពិសេសឧបករណ៍ជំនួសទំនើបៗ ដើម្បីស្តារលទ្ធភាពពលកម្មសម្រាប់ជនពិការ។ ហើយក៏ជួយឲ្យកម្ពុជា អាចសិក្សាអំពីជោគជ័យ និង ដកបទពិសោធន៍ល្អៗ អំពីការផ្តល់សេវាសហគម ពិសេសការធានាដល់ការដករបាំង ឬឧបសគ្គរេរាំងរបស់ជនពិការ ពីបណ្តាលប្រទេសផ្សេងៗ ទាំងក្នុងតំបន់អាស៊ី និង អឹរ៉ុប៕