ត្បូងឃ្មុំ៖ មន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ បានកំណត់ទិសដៅ ជាយុទ្ធសាស្ត្រ ដោយធ្វើឲ្យប្រសើរឡើងនូវវិស័យអប់រំ ដើម្បីឈានទៅសម្រេចផែនការ ឲ្យសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឲ្យបានពី ៦០ ទៅ៧០ភាគរយ ហើយលោក អភិបាល នៃគណៈអភិបាលខេត្ត បានប្រកាសបើកបវេសននៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅវិទ្យាល័យហ៊ុន សែន ពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡា បានថ្លែងថា ទិសដៅសំខាន់ៗ សម្រាប់អនុវត្តនៅឆ្នាំសិក្សា២០១៥-២០១៦ ថ្នែកមត្តេយ្យសិក្សា ៖ ប្រមូលកុមារ អាយុ៣-៥ឆ្នាំ ចូលរៀនឲ្យបាន៩០% ហើយកុមារអាយុ៥ឆ្នាំ ឲ្យបាន៩៥% ដោយបង្កើតថ្នាក់មត្តេយ្យក្នុងបឋមសិក្សាចំនួន ៥កន្លែងបន្ថែមទៀត ។
ផ្នែកបឋមសិក្សា ៖ ប្រមូលកុមារចូលរៀនឲ្យបាន ១០០% សិស្សជាប់មធ្យមភាគឲ្យបាន ៩៥% ពង្រីកសាលា និងថ្នាក់កុមារមត្តេយ្យឲ្យបាន៧៤% ។ ផ្នែកមធ្យមសិក្សា ៖ សិស្សជាប់មធ្យមភាគឲ្យបាន ៩០% សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិឲ្យបាន ៩៥% សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឲ្យបានពី៦០% ទៅ ៧០% ។
ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្ត បានបញ្ជាក់តាមសាលិខិត របស់សម្តេច តេជោ ថា ក្រសួងអប់រំយុវជន និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងប្រកបដោយការទទួលខុសត្រូវ ខ្ពស់ក្នុងការកែទម្រង់ការងាររៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយសម្រេចបានលទ្ធផលជាវិជ្ជមាន ដែលអាចទាក់ទាញមហាជនឲ្យមានការជឿជាក់កាន់តែខ្ពស់ចំពោះវិស័យអប់រំកម្ពុជា ។
ជាមួយនេះ ខ្ញុំព្រះករុណាក៏សូមសម្តែងនូវការអបអរសាទរ និងលើកទឹកចិត្តចំពោះក្មួយៗ សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ គ្រប់និទ្ទេស និងសូមឲ្យក្មួយៗបញ្ចេញអស់សក្តានុពលដែលខ្លួនមាន ដើម្បីបន្តការសិក្សាឲ្យបានខ្ពស់បន្ថែមទៀត ។
ក្មួយៗត្រូវគិតថា អនាគតប្រទេសជាតិរបស់យើងត្រូវតែមានការចូលរួមចំណែកយ៉ាងសកម្មពីក្មួយៗ ព្រោះថា ក្មួយៗជាមូលធនមនុស្សដែលប្រទេសជាតិត្រូវការ និងផ្ញើសេចក្តីសង្ឃឹមក្នុងការអភិវឌ្ឍន៍ និងកសាងកម្ពុជាឲ្យក្លាយជាប្រទេសអភិវឌ្ឍនាពេលអនាគត ៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តត្បូងឃ្មុំ