ភ្នំពេញ៖ ដោយមើលឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ មានពិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ចំនួន១០គ្រួសារ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពិធីនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក ងួន ប៊ុណ្ណាន នាយករដ្ឋបាលខណ្ឌ៧មករា តំណាងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ ៧មករា បាននាំយកអំណោយរបស់ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ មកចែកជូនប្រជាពលរដ្ឋចំនួន១០គ្រួសារនេះ។
ក្នុងនោះដែរ អំណោយដែលបាននាំយកមកធ្វើការចែកជូនគ្រួសារនីមួយៗមានដូចជា៖ អង្ករចំនួន ២៥គីឡូក្រាម មីចំនួន ១កេស ត្រីខចំនួន ៥កំប៉ុង ទឹកដោះគោចំនួន ២កំប៉ុង និងទឹកត្រីចំនួន ១ដប ផងដែរ។
ជាចុងក្រោយ គ្រួសារទាំងអស់បានថ្លែងអំណរគុណចំពោះ ឯកឧត្តម សាយ សំអាល់ និងលោក ងួន ប៊ុណ្ណាន ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក និងសូមជូនពរឲ្យលោកជូបតែសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ៕
ប្រភព៖ ទំព័រសាលាខណ្ឌ៧មករា