ភ្នំពេញ៖ ដោយមើលឃើញប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ រស់នៅជួបនឹងបញ្ហាទុក្ខលំបាកនៅល្ងាចថ្ងៃទី ០៣ ខែវិចិ្ឆកា ឆ្នាំ២០១៥ មានពិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន១០គ្រួសារ នៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក យូ រដ្ឋា នាយករងរដ្ឋបាលខណ្ឌ៧មករា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ៧មករា តំណាងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌ៧មករា។
នាឱកាសនេះដែរ លោក យូ រដ្ឋា នាយករងរដ្ឋបាលខណ្ឌ៧មករា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ មកធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋទាំង១០គ្រួសារនេះផងដែរ។
អំណោយទាំងអស់ដែលបាននាំយកមកធ្វើការចែកជូន ក្នុងនោះគ្រួសារនីមួយៗទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម មីចំនួន ១កេស ត្រីខចំនួន ៥កំប៉ុង ទឹកដោះគោចំនួន ២កំប៉ុង និងទឹកត្រីចំនួន ១ដបផងដែរ។
តំណាងប្រជាពលរដ្ឋម្នាក់ក្នុងចំណោម១០គ្រួសារនេះ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តម និងលោកនាយករង ដែលមានទឹកចិត្តអាណិតអាសូរ និងតែងតែជួយដល់ប្រជាពលរដ្ឋដែលជួបនឹងបញ្ហាផ្សេងៗ ជាពិសេសតែងតែជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រលំបាក៕
ប្រភព៖ ទំព័ររដ្ឋបាលខណ្ឌ៧មករា