ត្បូងឃ្មុំ៖ យោងតាមអនុសាន៍ដ៏ខ្ពងខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការចុះដោះស្រាយទឹកសម្រាប់បង្កបង្កើនផល ដើម្បីបម្រើការស្រោចស្របស្រែប្រាំងនាពេលខាងមុខ។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០១៥ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូថ្នាក់ខេត្ត និងមន្ត្រីជំនាញមន្ទីរធនធានទឹកនិងឧតុនិយម ចុះត្រួតពិនិត្យការងារ អន្តរាគមន៍ចុះជួយបូមទឹកបញ្ចូលព្រែកនិងអាងស្តុបទឹក ជូនប្រជាកសិករចំនួន៣ឃុំ នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
លោក យា វឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថា៖ ឆ្នាំនេះទឹកទន្លេ មេគង្គតូច មានកម្រិតអតិបរមាត្រឹម ១២,១៦ម៉ែត្រ ដែលជាហេតុទឹកមិនអាចហូរចូលតាមបណ្តាអាង និងព្រែក បឹង បួរ នៅតាមដងទន្លេមេគង្គបានឡើយ កត្តានេះហើយដែលជះឥទ្ធិពលដល់ការងារ បង្កបង្កើនផលស្រែប្រាំង របស់ប្រជាពលរដ្ឋដែលនេះ ជាការប្រឈមនូវបញ្ហាខ្វះទឹកបញ្ចូលស្រែ របស់ប្រជាកសិករ នៅពេលខាងមុខផងដែរ។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ៖ ការចុះជួយអន្តរាគមន៍បូមទឹកបញ្ចូលអាង និងព្រែក នៅស្រុកក្រូចឆ្មារ បានចំនួន៣កន្លែង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាត ៦៥សេះ ចំនួន ៣គ្រឿង នៅលើទីតាំង ៣កន្លែងផ្សេងគ្នា គឺ១.អាងទឹកបឹងធំ នៅឃុំរការខ្នុរដោយ បូមទឹកពីព្រែកតាកុច មកបញ្ចូលក្នុងអាងបម្រុងទឹកស្រោចស្រប លើផ្ទៃដីស្រែប្រាំងចំនួន ៤៥៥ហិចតា ២.អាងទឹកអាជ្រឹង និងអាងទឹកអាចម៍ភេ ដោយបូមទឹកពីព្រែកពាមជីលាំង មកបញ្ចូលក្នុងអាងបម្រុងទឹកទុក ស្រោចស្របលើផ្ទៃដីស្រែប្រាំងសរុប ចំនួន ១.០២០ហិចតា និង៣.នៅព្រែកអាជី ស្ថិតនៅឃុំព្រែកអាជី ដោយធ្វើការបូមទឹកពី ទន្លេមេគង្គ មកបញ្ចូលក្នុងព្រែក បម្រុងទឹកស្រោចស្របលើផ្ទៃដីស្រែប្រាំង ចំនួន ៣៧១ហិចតា ។
ឯកឧត្តម បានបញ្ជាក់ថា៖ អនុវត្តន៍តាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាការ ចង្អុលបង្ហាញពីក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីធានាធ្វើយ៉ាងណាអោយមានទឹកគ្រប់គ្រាន់ នៅក្នុងអាងស្តុកទឹក នៅតាមទីតាំងណាដែលមានប្រភពទឹក ដែលអាចបូមទឹកបំពេញអាងបាន ហេតុដូចនេះ មន្ទីរធនធានទឹកនិងឧតុនិយម ត្រូវខិតខំអន្តរាគមន៍ឲ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាបូមទឹកបំពេញអាងអោយបានគ្រប់គ្រាន់ ក្នុងការរក្សាទឹកទុកសម្រាប់ប្រជាកសិករស្រោចស្រពស្រែប្រាំង អោយបានចប់ចុងចប់ដើម។
ឯកឧត្តម ប្រាជ្ញ ចន្ទ ក៍បានផ្ដាំផ្ញើដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវចុះតាមដានអោយជាប់ជាប្រចាំ ដើម្បីធានាតាមបណ្តាព្រែក និងអាងស្តុបទឹក មានទឹកគ្រប់គ្រាន់សំរាប់ប្រជាកសិករ ធ្វើការស្រោចស្រពទឹកបង្កបង្កើនផលស្រូវប្រាំង នាពេលខាងមុខនេះ ។
សូមបញ្ចាក់ផងដែរថា មកដល់ពេលនេះការបង្កើតផលនៅទូទាំងខេត្ត ស្រូវវស្សាកំពុងប្រមូលផល ដោយអនុវត្តបានចំនួន ៦.៨៨៣ហិចតា គិតជាភាគរយៈស្មើ ៨,៧៨% នៃផ្ទៃដីធ្វើបានចំនួន ៧៨.៣១៨ហិចតា ចំណែកស្រូវប្រាំងវិញ បាននិងកំពុងចាប់ផ្ដើម សាប ព្រោះ ដកស្ទួង ដោយអនុវត្តបានចំនួន ២.១៣៥ហិចតា គិតជាភាគរយៈចំនួន ២០,៣៣% លើផ្ទៃដីផែនការចំនួន ១០.៥០០ហិចតាផងដែរ៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តត្បូងឃ្មុំ